ព័ត៌មានជាតិ

បង្រ្កាបក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាល ធ្វើសកម្មភាពចាប់ពលរដ្ឋ ជំរិតយកប្រាក់

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទើបបង្រ្កាបបាននាពេលថ្មីៗនេះ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ អំពីជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ។

ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង២៤និង០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវឈានទៅបង្រ្កាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ សម្លុតយកប្រាក់ជាច្រើនលើក នៅភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលកន្លងមក ។

ក្នុងប្រតិបត្តិការសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់៖
១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ(មេខ្លោងផ្តើមគំនិត)
២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)
៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកសមគំនិត)
៤-ឈ្មោះ សល់ ភារៈ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)

វត្ថុតាងចាប់យករួមមាន៖
១-រថយន្ត ១គ្រឿង
២-ម៉ូតូ ២គ្រឿង
៣-អាវុធខ្លី (ជ័រ) ១ដើម
៤-វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង
៥-ឯកសណ្ឋាននគរបាល ២កំប្លេ និង អាវ ១
៦-មួកនគរបាល ១
៧-ខ្សែក្រវ៉ាត់នគរបាល ១
៨-អាវគ្រោះ ១ មានផ្លាកសញ្ញាគ្រឿងញៀន
៩-អាវកាក់ ១ មានផ្លាកសញ្ញាគ្រឿងញៀន
១០-កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១
១១-កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក
១២-កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក
១៣-ឧបករណ៍តេស្តទឹកមូត្ររកសារធាតុញៀន ១តេស្ត
១៤-កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក(ក៧ ក៥)
១៥-កាតសម្គាល់អាវុធខ្លី ១សន្លឹក
១៦អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក
១៧-កាតចាក់វ៉ាក់សាំង ១សន្លឹក

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕

មតិយោបល់