ព័ត៌មានជាតិ

គ្រឿងក្នុងជ្រូក ខូចគុណភាព នាំចូលពីបរទេស ត្រូវសមត្ថកិច្ចចាប់ដកហូតដុតកម្ទេចចោល

កំពង់ធំ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់សាខា ក.ប.ប. ខេត្តកំពង់ធំ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក និងអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យ គ្រឿងក្នុងជ្រូក សរុបចំនួន ៣២០ គីឡូក្រាម ដែលឈ្មួញនាំចូលពីបរទេសក្នុង ខេត្តកំពង់ធំ ហើយត្រូវបានសមត្ថកិច្ចឃាត់ចាប់បានកាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។

ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការសន្និដ្ឋានថា ការដឹកជញ្ជូន ការវេចខ្ចប់ និងសីតុណ្ហភាពទំនិញមិនត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ធ្វើឱ្យទំនិញដែលជាសាច់ស្រស់ ត្រូវបានប្រែប្រួល ខូចគុណភាព មានចម្លងមេរោគ ពុំសមស្របសម្រាប់យកទៅធ្វើជាអាហារមនុស្ស បរិភោគបានឡើយ។

ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋ និងដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ចចម្រុះបានធ្វើការដុតកម្ទេចចោលទំនិញខូចគុណភាពទាំងនោះ នៅរសៀលថ្ងៃ ខែ និងឆ្នាំដដែល ៕

មតិយោបល់