
បើតាម លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សារមន្ទីរកោះថ្ម ត្រូវបានសាងសង់ឡើងក្រោមរចនាបថខ្មែរដែលមានក្បូរក្បាច់គួរឱ្យទាក់ទាញ។ ភូមិកោះថ្ម នេះគឺជាអតីតទីបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាកន្លែងមូលដ្ឋានដែលសមមិត្ត ហ៊ុន សែន បានឈរជើងផងដែរ។

ក្នុងរយៈ១ឆ្នាំគឺឆ្នាំ២០២០ ដល់ឆ្នាំ២០២១ នេះតំបន់កោះថ្ម (X16) ត្រូវបានសាងសង់ឡើងនូវសមិទ្ធផលជាច្រើន ដើម្បីបម្រើឲ្យវិស័យទេសចរណ៍ និងវប្បធម៌។ ក្រៅពីសារមន្ទីរនេះ ក៏មានដែរ អាគារមិត្តភាពកម្ពុជា-វៀតណាមនៅតំបន់នេះ។
នៅចំពេលខួប៤៤ឆ្នាំនៃថ្ងៃចេញតស៊ូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ថ្ងៃ២០មិថុនា១៩៧៧គឺជាថ្ងៃដែលលោកសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ទោះបីជាលោកធ្លាប់បានរៀបរាប់ពីប្រវត្តិនេះច្រើនដងហើយ តែនៅពេលនេះ លោក ហ៊ុន សែន បានចោទសួរថា ប្រសិនបើលោកមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេ នោះដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសកើតមានដែរឬទេ?៕
មតិយោបល់