ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសម្នាក់យកក្រមាចងកបញ្ចប់ជីវិតខ្លួនឯង នៅលើមែកស្វាយកម្ពស់៣.៥០ម៉ែត្រ

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសរងគ្រោះវ័យ២៣ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីការលួចធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតខ្លួនឯង ទាំងវ័យក្មេង ដោយមិនមានមូលហេតុ ករណីនេះកើតឡើងនៅចំណុច ព្រៃទទឹងខាងកើត ស្ថិតក្នុងភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។

ប្រភពព័ត៌មានពីឈ្មោះ ស៊ីវ អេង ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាប្អូនបង្កើតនៃសព បានឲ្យដឹងថា នៅវេលាម៉ោង០៩ និង ៣០ នាទីព្រឹក រូបនាងបានដើរទៅម្តុំព្រៃខាងជើងផ្ទះ ស្រាប់តែប្រទះឃើញបងប្រុសរបស់នាង បានចងកនឹងដើមស្វាយ ក៏មានការភ្ញាក់ផ្អើល រួចរត់ទៅប្រាប់ឪពុក នឹងបងប្អូន ព្រមទាំងអាជ្ញាធរមូលដ្ឋាន ឲ្យបានដឹង ។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពី លោក សុត ជឿន ជាមេភូមិបឹងកក់ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ បានចុះដល់កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះមានឈ្មោះ រ៉ាត រ៉ាន់ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានចងកនិងក្រមាក្រឡាការ៉ូ ពណ៌ខ្មៅលាយស ចងក នៅលើមែកស្វាយ ដែលមានកម្ពស់ ៣.៥០ ម៉ែត្រ ខាងជើងផ្ទះចម្ងាយ៤០ម៉ែត្រ ។

លោកអធិការបានបន្តថា ក្រោយការពិនិត្យកន្លែងកើតហេតុ នឹងធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ របស់កម្លាំងជំនាញបច្ចេកទេសខេត្ត និងគ្រូពេទ្យកោសល្យវិច្ច័យខេត្ត បានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយ ចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់