ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្តជនបរទេស

ព្រះសីហនុ: នៅវេលាម៉ោង០៤និង ១០នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចយករថយន្តជនបរទេស រួចបើកគេចខ្លួន ស្ថិតត្រង់ចំណុចមុខសណ្ឋាគារ និងកាស៊ីណូ ហ្គោលឌិនស៊ី ក្នុងភូមិ៣ សង្កាត់៣ ខេត្តព្រះសីហនុ ។

ករណីខាងលើនេះ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខ: ភ្នំពេញ 2AJ-7975 ខណ:ដែលជនរងគ្រោះ ចតទុកនៅចំណុចកើតហេតុ ដោយមិនបានដកកូនសោចេញពីរថយន្ត ហើយម្ចាស់បានរាយការណ៍ ជូនសមត្ថកិច្ចជំនាញ ។ ភ្លាមៗនោះកម្លាំងនគរបាល បានធ្វើការស្ទាក់ចាប់ជនសង្ស័យបាន ដែលកំពុងជិះរថយន្តគេចខ្លួន នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ YE YUANFU ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន មុខរបរ បើកហាងបញ្ចាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកសម្ភារ:បាត់បង់៖ រថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខ: ភ្នំពេញ 2AJ-7975 មានលេខម៉ាស៊ីន: 2GR0006875 និងលេខតួ: 2T2GK31U68C027776 ។ ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ ប្រផេះ ។ លិខិតឆ្លងដែន១ក្បាល ។ អីវ៉ាន់វេចខ្ចប់ក្នុងថង់ និងកេសក្រដាសមួយចំនួន ។ រីឯជនសង្ស័យឈ្មោះ សុវណ្ណ ឌី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖ រថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ស្លាកលេខ: ភ្នំពេញ 2AJ-7975 មានលេខម៉ាស៊ីន: 2GR0006875 និងលេខតួ: 2T2GK31U68C027776 ។ ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ ប្រផេះ ។ លិខិតឆ្លងដែន ១ក្បាល ។ អីវ៉ាន់វេចខ្ចប់ក្នុងថង់ និងកេសក្រដាសមួយចំនួន ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់