បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ស្ត្រីម្នាក់សង្ស័យជាមនុស្សវិកលចរិក បានដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងគម្ពោធព្រៃដែលចម្ងាយពីផ្លូវជាតិលេខ៦ ជាង១៦ម៉ែត្រ សង្ស័យមានរថយន្តបើកទៅកន្លែងនោះជាន់ត្រូវក្បាលបណ្តាលឲ្យស្លាប់ ហើយអ្នកបើកបររថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ។ សពស្ត្រីរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់ វេលាម៉ោង១២ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅក្រោមដើមចាន់គិរីមានដើមកន្ទ្រង់ចំណុច គោកដូនអូកនៅខាងលិចភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ស្ត្រីរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ អាយុប្រហែលជាង២០ឆ្នាំ មានកំពស់១,៤០ម៉ែត្រ ពាក់អាវពីរជាន់ អាវយឺតក្នុងដៃខ្លីពណ៌ផ្កាឈូក អាវយឺតខាងក្រៅដៃវែងពណ៌ខ្មៅ ស្លៀកខោក្រណាត់ជើងវែងមានផ្កាពណ៌ក្រហម ស លឿង ស្លៀកសារ៉ុងពីលើខោ សង្ស័យជាមនុស្សវិលចរិក។
លោកអធិការបានរៀបរាប់ទៀតថា៖ បើតាមការបំភ្លឺពីឈ្មោះ ឆោម សុគាន់ ភេទប្រុស អាយុ35ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ បានប្រាប់សមត្ថកិច្ច នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ គាត់បានឃ្វាលគោវាលខាងលិចគោកដូនអូកប្រហែល១៥០ម៉ែត្រ នៅខាងលិចភូមិឈ្នួរ លុះដល់ម៉ោងប្រហែល១០ព្រឹក ពេលកំពុងអង្គុយខាងជើងផ្លូវជាតិលេខ៦ ចំងាយប្រហែល២៥ម៉ែត្របានឃើញមនុស្សស្រីមិនស្គាល់ម្នាក់ដើរលើផ្លូវជាតិលេខ៦ពីលិចមកកើត រាងទាបស្លៀកខោជើងវែង និងស្លៀកសំពត់ពីលើ ពេលនោះគាត់មិនបានចាប់អារម្មណ៍ទេមានការសង្ស័យថាជាមុនស្សវិកលចរឹក ។ នៅថ្ងៃដដែលម៉ោង14និង30នាទីលឺថាមានមនុស្សស្លាប់ នៅចំនុចគោកដូនអូក ក្រោមដើមចាន់គិរី ដល់ពេលមកមើលទើបដឹងថាជាស្ត្រីដែលគាត់ឃើញពីព្រឹកមិញ។
លោកអធិការបានបញ្ជាក់ទៀតថា៖ ឆ្លងតាមការពិនិត្យ ស្ថានភាពសាកសពក្បាលមានរបួសបែកត្រង់ក្បាល តាមការសន្និដ្ឋាន ជនរងគ្រោះអាចជាមនុស្សមានសតិមិនប្រក្រតី ពេលដើរមកដល់ចំណុចកើតហេតុ បានដេកនៅក្រោមដើមចាន់គិរី ដែលមានដើមកន្ទ្រង់ច្រើន ហើយមានរថយន្តមិនស្គាល់អត្តសញ្ញាញបើកចូលទៅមិនប្រុងប្រយ័ត្ន បណ្តាលអោយជាន់ជនរងគ្រោះដែលកំពុងតែដេកនោះចំក្បាល បណ្តាលឲ្យស្លាប់នឹងកន្លែងតែម្តង ហើយបើករថយន្តទៅបាត់។ ចំពោះសាកសព ដោយមិនស្គាល់សាច់ញាតិ បានប្រគល់អោយលោកមេភូមិ មេឃុំចាត់ចែងបូជានិងរក្សាទុកធាតុនៅនឹងវត្តឈ្នួរមានជ័យក្រែងមានសាច់ញាតិមករក៕
មតិយោបល់