ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង ប្រើហិង្សាលើប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកលើកដែក

កណ្ដាល: ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៦និង១០នាទី មានករណីហិង្សាដោយចេតនា ចំណុចក្រោមផ្ទះម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ លន វុទ្ធី ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ (ជាប្រពន្ធជនសង្ស័យ)
ជនសង្ស័យឈ្មោះ ប៉ែន ថាល់ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករមានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល(ត្រូវជាប្ដីឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-កណ្ដៀវដងឬស្សីផ្លែដែក ប្រវែង០,៥០ម៉ែត្រ ចំនួន ០១.

សភាពនៃរឿងហេតុ៖ ហេតុដំបូងនៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យស្រវឹងស្រាមិនដឹងមកពីណាទេ មកដល់ផ្ទះក៏បានបើកចាក់ធុងបាសលឺៗ រំខានគេអ្នកជិតខាង ឃើញដូចនោះជនរងគ្រោះបានប្រាប់ជនសង្ស័យជាប្ដីថា កុំឲ្យបើកលឺពេកហើយជនរងគ្រោះបានចុចមួល បន្ថយសំឡេងតែជនសង្ស័យកាន់តែបើកលឺៗរំខានគេទៀត ជនរងគ្រោះក៏បានទាញខ្សែសាកភ្លើងដែលដោតជាប់ហ្វ្រីភ្លើងចេញដាច់ខ្សែភ្លើងនោះ ជនសង្ស័យ(ប្ដី)ខឹង បានទាញកណ្ដៀវដេញកាប់ជនរងគ្រោះតែជនរងគ្រោះ បានរត់គេចទៅផ្ទះម្ដាយនៅខាងមុខផ្ទះខ្លួន រត់ដល់ក្រោមផ្ទះម្ដាយទាល់ទល់មុខ ជនសង្ស័យបានយា កណ្ដៀវកាប់និងខ្នងកណ្ដៀវបណ្ដាលឲ្យបែកក្បាលលើចិញ្ចើមខាងឆ្វេងរងរបួសចេញឈាមជោកខ្លួន បន្ទាប់មកជនរងគ្រោះបានឲ្យកូនឌុបមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់តែម្ដង។

ក្រោយមកជនរងគ្រោះក៏ត្រូវបានគ្រួសារនាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ក្រោយពីទទួលបានបណ្ដឹងភ្លាមកម្លាំងប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយ ផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកបានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋានស្រុកបន្តនីតិវិធី៕

មតិយោបល់