ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ស្រ្តីម្នាក់បានកៀបក្នុងរថយន្តស្លាប់ និង៤នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល បន្ទាប់ពីបើករថយន្តឆ្លងស្តុបមិនប្រយ័ត្ន ត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ( LMH ) បើកបុកចំពាក់កណ្តាលរថយន្តកាមារី ពេញទំហឹង រួចក៏អូសទៅមុខជាច្រើនម៉ែត្រ ចំណែកឯខាងរថយន្តបង្កនោះត្រូវឃាត់ខ្លួនបានមនុស្ស២នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវណតព្រីតកែងផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សាកសពជនរងគ្រោះ និងអ្នករងរបួសធ្ងន់-ស្រាល០៤នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមារីបាឡែន ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2-AA 8975 បើកបរជាលក្ខណៈគ្រួសារនៅក្នុងរថយន្ត៥នាក់ មានស្រីនិងប្រុសបាន ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជា៤ ឆ្លងស្តុបមិនប្រយ័ត្ន ក៏ត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ក្បាលពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A 2426 ធ្វើដំណើរតាមបណ្តោយផ្លូវណតព្រីត ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ទៅបុកចំពាក់កណ្តាលរថយន្តកាមារីបាឡែន ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលស្រ្តី២នាក់ និងបុរស២នាក់ ចំណែកឯស្រ្តីម្នាក់ទៀត បានស្លាប់កៀបនៅក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយគាស់យកសពចេញ ពីក្នុងរថយន្តយ៉ាងអាណោចអាធ័ម ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចបានទំនាក់ទំនង ទៅសមត្ថកិច្ចខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ រួចបានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់