ឥណ្ឌាបានបើកយុទ្ធនាការចាក់ថ្នាំបង្ការកូវីដ១៩ តាំងពីថ្ងៃទី ១៦មករា២០២១ ដោយផ្តល់អាទិភាពដំបូងដល់បុគ្គលិកពេទ្យ មនុស្សចាស់អាយុលើស៥០ឆ្នាំ និងចាប់ពីថ្ងៃទី ១ឧសភាមក ពលរដ្ឋគ្រប់វ័យ ក្រោមអាយុ៤៥ឆ្នាំក៏មានសិទ្ធិទៅចាក់វ៉ាក់សាំងដែរ។ ប៉ុន្តែគិតមកទល់នឹងថ្ងៃនេះ ឥណ្ឌាចាក់វ៉ាក់សាំងទើបតែបានជាង ២៧៥លានដូសប៉ុណ្ណោះ ក្នុងនោះជាង៤៥លាននាក់ បានទទួលថ្នាំបង្ការពីរដូស និង២៣១លាននាក់ បានមួយដូស ពោលគឺមានប្រជាពលរដ្ឋមិនដល់៤%ទេ បានទទួលការពារ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលឥណ្ឌា សម្រេចប្តូរយុទ្ធសាស្ត្រ ដោយប្រកាសលែងយកថ្លៃវ៉ាក់សាំងកូវីដ។
ជាមួយនឹងសេចក្តីសម្រេចផ្តល់ថ្នាំបង្ការដោយឥតគិតថ្លៃ ឥណ្ឌាសង្ឃឹមថានឹងអាចពន្លឿនយុទ្ធនាការចាក់ថ្នាំបង្ការ ក្នុងប្រទេសដែលវិសមភាពសង្គមខ្លាំងផង និងមានប្រជាពលរដ្ឋគ្មានទំនុកចិត្តខ្លាំងផងលើថ្នាំស្រាប់ផង។ កង្វះថ្នាំវ៉ាក់សាំងជាមូលហេតុចំបងមួយទៀតដែលនាំយុទ្ធនាការចាក់ថ្នាំបង្ការយឺតយ៉ាវ។ រដ្ឋាភិបាលបានកំណត់កម្មវត្ថុផ្តល់ថ្នាំបង្ការដល់ពលរដ្ឋពេញវ័យឱ្យបាន១,១ពាន់លាននាក់នៅដំណាច់ឆ្នាំ។
ប៉ុន្តែអ្វីជាការគួរឱ្យកត់សម្គាល់ យុទ្ធនាការចាក់ថ្នាំបង្ការកូវីដដោយឥតគិតថ្លៃ ចាប់ប្រព្រឹត្តទៅចំថ្ងៃប្រារព្វទិវាយោហ្កាអន្តរជាតិ។ ទន្ទឹមនឹងការជំរុញឱ្យប្រជាពលរដ្ឋនៅចាក់វ៉ាក់សាំង នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានថ្លែងសុន្ទរកថាតាំងពីព្រលឹមទៅកាន់ប្រជាជាតិ លើកសរសើរអំពីគុណប្រយោជន៍នៃការហាត់ប្រាណតាមបែបបូរាណឥណ្ឌា Yoga ថាអាចការពារ និងព្យាបាលជំងឺកូវីដ១៩បាន។ បើតាមលោកនាយករដ្ឋមន្ត្រី ដែលជាអ្នកជាតិនិយមហិណ្ឌូ មានគ្រូពេទ្យ និងបុគ្គលិកពេទ្យជួរមុខច្រើនណាស់ បានប្រកាន់ទម្លាប់ធ្វើយោហ្កា ដើម្បីបានខែលការពារខ្លួនពីកូរ៉ូណាវីរុស។ ក្រុមគ្រូពេទ្យទាំងនោះមានសុខភាពល្អរឹងមាំព្រោះយោហ្កាជាប្រភពកម្លាំងខាងក្នុង (ខ្លួន)។ តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ដំបូងភ្លាម រដ្ឋាភិបាលឥណ្ឌាលើកសរសើរឥតដាច់ អំពីប្រសិទ្ធភាពនៃការធ្វើយោហ្កាប្រឆាំងនឹងកូវីដ១៩ និងអំពីការព្យាបាលដោយប្រើថ្នាំបុរាណ។
តាមសំណើរបស់លោកម៉ូឌី អង្គការសហប្រជាជាតិបានប្រកាសចាត់ទុកថ្ងៃដែលវែងជាងគេនៅខែមិថុនា ជាទិវាយោហ្កាអន្តរជាតិ តាំងពីឆ្នាំ២០១៤មក។ ទិវានេះមានប្រារព្វធ្វើនៅទូទាំងពិភពលោក៕
មតិយោបល់