ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក មានករណីខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់មនុស្សនៅចំណុចប្រឡាយទឹកនៅមុខផ្ទះរបស់ជនរងគ្រោះឈ្មោះ ហែម សុផល ភេទប្រុសអាយុ៣៩ ឆ្នាំ មានទីលំនៅភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ គង់ សុភ័ក្រ អាយុ៤០ឆ្នាំ។
តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង១៥នាទីព្រឹក ប្ដីរបស់ខ្លួនបានរៀបចំបូមទឹកនៅមុខផ្ទះបំរុងបាញ់ទឹកជ្រូក ហើយរអ៊ូថាក្បាលបូមទឹកវារកខូច ពេលនោះខ្លួនក៏លើកកូនដាក់ទៅលើគោយន្តហើយប្ដីរបស់ខ្លួនក៏រាយខ្សែភ្លើងដាក់ចំលើដែកគោលដែលបានដំ ជាប់នៅដើមស្វាយ រំពេចនោះក៏ត្រូវខ្សែភ្លើងឆក់ដួលប្រកាច់ក្នុងក្រឡុកទឹក ហើយខ្សែភ្លើងនៅពីលើខ្លួនប្ដីរបស់ខ្លួន ពេលនោះខ្លួនក៏រត់ទៅដកព្រី រួចក៏មកចាប់លើកប្ដី លើកមិនរួចក៏ហៅឈ្មោះ វីនមកឲ្យជួយលើក ពេលនោះខ្លួនក៏រឹតទ្រូងប្ដីធ្វើចលនាបេះដូងហើយប្ដីខ្លួនបានដឹងខ្លួនក៏សួរថាដកព្រីភ្លើងហើយនៅខ្លួនថាដករួចហើយពេលនោះក៏បាននាំគ្នាលើកគាត់ដាក់នៅលើគ្រែ ហើយប្តីខ្លួនបានបែកពពុះមាត់ ពេលនោះបាននាំគ្នាដឹកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាគាត់ដាច់ខ្យល់បាត់ទៅហើយខ្លួនក៏បានឱ្យគ្រូពេទ្យដាក់ខ្យល់អុកស៊ីសែន ពេលនោះគ្រូពេទ្យប្រាប់ថាដាក់មិនកើតទេគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ពេលនោះខ្លួនក៏បានដឹក សាកសពប្ដី មកផ្ទះវិញដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីខ្សែភ្លើងឆក់ជនរងគ្រោះស្លាប់ខាងលើគឺបណ្តាលមកពីដៃនិងខ្លួនជនរងគ្រោះសើម និងបានកាន់ចំមុខតំណខ្សែភ្លើងទើប បណ្ដាលឲ្យឆក់ស្លាប់ដូច្នេះ។ លោកអធិការបានបន្តទៀតថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់ ឯក ឧត្តម កូយកាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៤១នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់