ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យ២នាក់ វាយប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឈិន ឈន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័។ ចំណែកឯភិនភាគជនសង្ស័យមានគ្នាពីនាក់ជាក្មេងស្ទាវ អាយុប្រហែល26ឆ្នាំ ម្នាក់ពាក់អាវពណ៌ឈាមជ្រូក កម្ពស់ប្រហែល 1.60m និងម្នាក់ទៀតពាក់អាវ ពណ៌ស កម្ពស់ប្រហែល1.60m ដូចគ្នា បានធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកហុងដា C125 ស៊េរី2011 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1BH-4445។
ជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដឹកជនសង្ស័យមកពីចោមចៅទៅម្ដុំទួលពង្រ ខាងក្រោយឃ្លាំងស៊ីតនី ក្នុងតម្លៃ៧០០០រៀល ពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ រួចហើយជនសង្ស័យម្នាក់បានយកដុំថ្មមកវាយក្បាលជនងគ្រោះ បណ្ដាលឲ្យបែកក្បាល និងវិលមុខ ពេលនោះជនសង្ស័យម្នាក់ទៀត ក៏ឡើងជិះម៉ូតូជិះចូលទៅក្នុងវត្តឫស្សីសាញ់គេចខ្លួនបាត់តែម្តង។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងប៉ុស្តិ៍ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងសហការជាមួយកម្លាំងការិយាល័យជំនាញ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ៕
មតិយោបល់