ព័ត៌មានជាតិ

ឃាត់ខ្លួនជនប្រើសារធាតុញៀនម្នាក់ ករណីយកដាវដេញកាប់ និងគំរាមសម្លាប់ជនរងគ្រោះ

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលស្រុក​អង្គស្នួល​ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ​ ប្រើប្រាស់គ្រឿងញៀន លើសកម្រិត បានយកដាវមកកាប់សម្ភារៈអ្នកជិតខាងខូចខាតអស់មួយចំនួន និងគំរាមថានឹងសម្លាប់​ទៀតផង ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១​ វេលាម៉ោង១៩ និង៣០នាទី នៅចំណុចក្នុងបុរីពិភពថ្មី3 នៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ ។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ស៊ន ឆៃលីម ភេទប្រុស ​អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ លី ពិទូ ភេទប្រុស ​កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ មុខរបរមិនពិត ។ ជនរងគ្រោះនិងជនសង្ស័យ មានទីលំនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន​ ស្រុកអង្គស្នួល​ ខេត្តកណ្ដាល ។

ដោយឡែកវត្ថុតាងចាប់យករួម៖ -អាវុធកែច្នៃ (ដាវ)ចំនួនមួយដាវមានប្រវែង០,៩០ម៉ែត្រ ។

ប្រភព​ដដែលបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង០៦និង៣០នាទីព្រឹក ពេលជនរងគ្រោះក្រោកពីគេង ស្រាប់តែឃើញជនសង្ស័យ ឈរនៅមុខផ្ទះ ហើយបានស្រែកជេរប្រមាថ លើគ្រួសារជនរងគ្រោះ បន្ទាប់ពីជេររួច ជនសង្ស័យក៏ចូលក្នុងផ្ទះវិញ ។ រហូតដល់ម៉ោង១៤និង២០នាទី ជនសង្ស័យបានចេញពីក្នុងផ្ទះមកម្ដងទៀត ហើយបានស្រែកជេរប្រមាថ និងយកកែវចំនួន០១គប់ចូលផ្ទះជនរងគ្រោះ បន្ទាប់មកក៏ចូលក្នុងផ្ទះវិញ ។

រហូតដល់វេលាម៉ោងកើតហេតុ ពេលជនរងគ្រោះ និងក្រុមគ្រួសារកំពុងហូបបាយខាងមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យ មានកាន់ដាវមួយដើម បានដើរសំដៅមកផ្ទះរបស់ខ្លួន ភ្លាមនោះបាននាំគ្នារត់ចូលក្នុងផ្ទះ ហើយចាក់សោទ្វារ បន្ទាប់មកជនសង្ស័យបានស្រែកថា អញនឹងកាប់ពួកឯងឲ្យងាប់ រួចហើយជនសង្ស័យបានយកដាវកាប់តុ, ចាន និងកាប់កញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះចំនួន០១ផ្ទាំងដោយមានការភ័យខ្លាចពេក ជនរងគ្រោះក៏រាយការណ៍ មកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្ដង ។

ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញស្រុក និងកម្លាំងប៉ុស្ដិ៍បែកចាន បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់សារធាតុញៀនច្រើនលើសកម្រិត ទើបមានអារម្មណ៍វិលវល់ ហើយបានយកដាវទៅដេញកាប់ និងស្រែកគំរាមថាសម្លាប់លើគ្រួសារជនរងគ្រោះ ។

ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕

មតិយោបល់