ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងទំនើង២នាក់ ដែលកាន់ដាវបង្ហោះ តាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់អោយដឹងថា ក្រោយមានការបង្ហោះរូបភាពកាន់ដាវតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេកប៊ុក របស់ក្មេងប្រុសទាំង២នាក់នេះ លើអាខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នោះ និងមានការស៊ែរចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំអោយកម្លាំងនគរបាលជំនាញ ស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះអោយបាន ។
ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការ ជាមួយកម្លាំងអធិការនគរបាលស្រុកជាំក្សាន្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ និងដកហូតដាវចំនួន២ដើម និងនាំមកកាន់អធិការដ្ឋាននករបាលស្រុកជាំក្សាន្ត ។
ករណីខាងលើនេះសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទី១.ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កសិករនិងទី២ឈ្មោះ រ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។ ដោយសារអាណាព្យាបាលមកធានាត្រឹមត្រូវ និងធ្វើកិច្ចសន្យាច្បាស់លាស់ផងនោះ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងអនុញ្ញាតិអោយវិលត្រឡប់ទៅផ្ទះវិញ ជាមួយនិងការកោសក់ក្បាលជាការព្រមានផងដែរ ៕
មតិយោបល់