ព័ត៌មានជាតិ

កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបឹងកេងកង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចឆ្កឹះកញ្ចក់រថយន្ដ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ នៅចំណុចម្ដុំបេនឡានវីរះប៊ុនថាំង ផ្លូវលេខ៤៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រព្រឹត្ដកាលពីនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខហាងលក់ស្រា S.Ligor ទីតាំងលេខ២៤៨ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

ជនសង្ស័យឈ្មោះ ចាន់ ទូច ហៅតូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៨ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងដកហូត៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JK 5289, ម៉ទ័រឆាបចំនួន០១គ្រឿង, ទូល័រវីស ដងពណ៌ខ្មៅ ចំនួន០២, កូនកាំបិត ចំនួន០១, ដបសម្រាប់ជក់ថ្នាំ ចំនួន០១, មួកសុវត្ថិភាព ចំនួន០២ និងកូនសោមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

មតិយោបល់