ព័ត៌មានជាតិ

មន្ត្រីជំនាញបានដកយកគំរូស្រាស មកវិភាគរកសារធាតុមេតាណុល បានចំនួន ០៣គំរូ នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះយកគំរូស្រាស ដែលប្រជាពលរដ្ឋផលិតនៅតាមគេហដ្ឋាន ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ការចុះត្រួតពិនិត្យ និងដកយកសំណាកគំរូស្រានេះ គឺជាយុទ្ធនាការដែលអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញឱ្យគ្រប់សាខា ក.ប.ប. រាជធានី ខេត្ត ចុះត្រួតពិនិត្យ ផ្សព្វផ្សាយការយល់ដឹង និងដកយកសំណាកគំរូស្រាស ស្រាថ្នាំ ពីបណ្តាកន្លែងផលិត ក៏ដូចជាលក់ស្រាស ឬស្រាថ្នាំនៅទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន បន្ទាប់ពីមានហេតុការណ៍ពុលស្រាបានកើតឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។

ជាលទ្ធផល មន្ត្រីជំនាញសាខា ក.ប.ប. បានដកយកសំណាកស្រាស ចំនួន ០៣គំរូ ពីកន្លែងផលិតស្រាស ចំនួន ០៣ទីតាំង បានបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕

មតិយោបល់