ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៤និង៣០នាទីទៀបភ្លឺ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែង ពី បទលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយបណ្ដាលឲ្យជនរងគ្រោះ ធ្លាក់ពីលើម៉ូតូរ៉ឺម៉កកង់បីរងរបួសបែកចុងចិញ្ចើមឆ្វេងរបួសធ្ងន់) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៧២ ផ្លូវលេខ១៨២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យរួមមាន ៖
១-ឈ្មោះ វណ្ណ សុភ័ក្ត្រ ហៅ ដា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ជា ពិសាល ហៅ ពឹង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Suzuki Sirius ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-9836 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ចាប់យកពីឈ្មោះ ជា ពិសាល និងកាបូបស្ពាយមួយពណ៌ខ្មៅ ក្នុងកាបូបមាន : លុយខ្មែរ ២០៧.០០០៛ (ម្ភៃម៉ឺនប្រាំពីរពាន់) , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីរសន្លឹក , ប័ណ្ណចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩មួយ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO S7 ពណ៌ខ្មៅ ប្រើប្រាស់ស៊ីម : 090 486026 (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើឆក់យក) ចាប់យកពីឈ្មោះ វណ្ណ សុភ័ក្ត្រ ) ។
ជនរងគ្រោះឈ្មោះ កុយ ណាត ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើនៅផ្លូវលេខ២០០២ ស្នាក់នៅផ្ទះជួលលេខ២៥៨ ផ្លូវលេខ២០០២ ភូមិបូរីកម្មករ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះរងរបួសបែកចុងចិញ្ចើមខាងឆ្វេង (ដោយសារជនសង្ស័យទាំងពីរនាក់ខាងលើ ឆក់បណ្ដាលឲ្យធ្លាក់ ពីលើម៉ូតូរ៉ឺកង់បីរបួសធ្ងន់) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងបញ្ជូនសំណុំរឿងទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់