ព័ត៌មានជាតិ

បងប្អូនប្រយ័ត្ន! មន្រ្តីជំនាញរកឃើញ ទឹកក្រូចដប ភេសជ្ជៈប៉ូវកម្លាំង ស្ករគ្រាប់ ចាហ៊ួយក្មេង ម្សៅស៊ុប ហួសកាលបរិច្ឆេទប្រើប្រាស់

ក្រចេះ: យោងតាមផេក​ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តក្រចេះដោយមានការសហការ ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារអូរឫស្សី និងដេប៉ូតាមផ្លូវជាតិលេខ ៧A ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះ

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧មុខដូចជា៖
– ទឹកក្រូចដប ចំណុះ ៣៥០មីលីលីត្រ ចំនួន ៤៤ដប
-ភេសជ្ជ:ប៉ូវកម្លាំង ចំណុះ ៣៣០មីលីលីត្រ ចំនួន ២០កំប៉ុង
-ភេសជ្ជ:ប៉ូវកម្លាំង ចំណុះ ៤៨០មីលីលីត្រ ចំនួន ២៤ដប
-ស្ករគ្រាប់ ទម្ងន់ ៣៨០ក្រាម ចំនួន ២កញ្ចប់
-ចាហ៊ួយក្មេង ទម្ងន់ ៥០០ក្រាម ចំនួន ១៧យួរ
-ម្សៅស៊ុប ទម្ងន់ ១៧ក្រាម ចំនួន ២០កញ្ចប់
សរុបទំនិញដកហូតបានទាំងអស់សរុបចំនួន ៧មុខ ស្មើនឹង ៤៣.១២គីឡូក្រាម។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់