កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាខ្មៅ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈទៅលើនារីដែលជាប្អូនជីដូនមួយមិនបានសម្រេច ក៏យកតួណឺវីសចាក់មកលើនារីរងគ្រោះបណ្តាលឲ្យរងរបួសជាច្រើនកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីយប់ឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍តាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះ មានឈ្មោះ ទុយ ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ ជាងផ្សាដែក ស្នាក់នៅភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកនារីរងគ្រោះមានឈ្មោះ គ.ឡ ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានជនដៃដល់ ចាក់បណ្តាលឲ្យមានស្នាមមុតត្រង់បំពង់ក ខាងស្ដាំចំនួន៣កន្លែង ស្នាមមុតត្រង់ថ្ពល់ខាងឆ្វេងចំនួន១កន្លែង និងមានស្នាមមុតត្រង់ក្បាលចំនួន១កន្លែង។
យោងតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ជនរងគ្រោះកំពុងដេកលក់នៅក្នុងបន្ទប់ ដែលមានបាំងវាំងនន ក្នុងផ្ទះរបស់ខ្លួនម្នាក់ឯង ស្រាប់តែជនសង្ស័យដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ បានយកតួណឺវីស មកគាស់ហែកទាញជញ្ជាំងស័ង្កសីចូលបន្ទប់ ជនរងគ្រោះ រួច ជនសង្ស័យខាងលើ បានសង្រ្គប់ពីលើជនរងគ្រោះ ទាំងជាប់មុងដោយអង្គុយពីលើពោះជនរងគ្រោះ ហើយបានយកទួណឺវីស សម្រាប់វាស់ចរន្ដអគ្គីសនី មកចាក់បំពង់កជនរងគ្រោះ បណ្ដាលឲ្យមុតជាច្រើនកន្លែង រំពេចនោះជនរងគ្រោះ ក៏ស្រែកហៅឲ្យគេជួយខ្លួន ទើបជនសង្ស័យ បានរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាខ្មៅ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ បានចុះធ្វើការឃាត់ខ្លួនបានយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះ បានសារភាពថា ខ្លួនពិតជាបានយកតួណឺវីស ចាក់បំពង់ក ជនរងគ្រោះ ពិតប្រាកដមែនដោយអះអាងថាខ្លួន មានសភាពស្រវឹងស្រាប៊ៀរខ្លាំងវង្វេង ហើយមិនមានបំណងរំលោភឬសម្លាប់ជនរងគ្រោះនោះទេ។ លុះនៅវេលាម៉ោង ០៧និង២៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល បានសម្រេចបញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់