ភ្នំពេញៈ យុវជនម្នាក់ត្រូវក្រុមជនសង្ស័យមានគ្នា ៦នាក់ ជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ១គ្រឿងបានសម្រេចគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុង ម្ដុំមុខផ្សាឯករាជ្យ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានឆាតទាក់ទងគ្នាជាមួយមនុស្សស្រីម្នាក់ ស្គាល់គ្នាតាមហ្វេសបុកបាន ២ថ្ងៃ លុះមកដល់វេលាកើតហេតុខាងលើ ភាគីខាងស្រីក៏បានឆាតហៅឲ្យជនរងគ្រោះទៅយកនៅផ្សាឯករាជ្យ២ ដល់ពេលជនរងគ្រោះទៅដល់ខលទៅមិនលើកឆាតទៅថា ចាំមួយភ្លេតស្រាប់តែមួយសន្ទុះក៏លេចមុខជនសង្ស័យចំនួន ៦នាក់ ជិះម៉ូតូ ២គ្រឿងម៉ាក ហុងដាប៊ីត(Beat) មួយគ្រឿង និងឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខជិះកាត់ជនរងគ្រោះមួយជុំ ហើយបកមកវិញស្រាប់តែជនសង្ស័យទាំង ៦នាក់ខាងលើ បានយកដុំថ្មគប់ទៅលើជនរងគ្រោះ និងដកដាវសាំម៉ូរៃកាប់ទៅលើជនរងគ្រោះ ត្រូវត្រង់ស្មានិងដៃខាងឆ្វេងជនរងគ្រោះឃើញដូចច្នោះ ក៏បានរត់គេចរីឯជនសង្ស័យមានឱកាសល្អបានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ស្រមោល។
ម៉ូតូជនរងគ្រោះម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FB-7943។
ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចស្វែងរក និងចាប់ឃាត់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់