បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មេក្របីពូជចំនួន៣ក្បាលរបស់ប្រជាពលរដ្ឋដែលចងនៅក្នុងក្រោលជាមួយនឹងក្របីសរុបទាំងអស់ជាង២០ក្បាលផ្សេងទៀត ចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ ត្រូវបានក្រុមជនមិនស្គាល់អត្តសញ្ញាណលួចដឹកតាមរថយន្ត ។
ហេតុការណ៍នេះកើតឡើងនៅចន្លោះពីម៉ោង១០យប់ ដល់ម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ម្ដុំលូកំពង់ធំ ស្ថិតក្នុងភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ ម្ចាស់សត្វក្របី ឈ្មោះ ពែក ហាត់ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ម្ចាស់ក្របីបានរៀបរាប់ថា គាត់មានសត្វក្របីសរុបទាំងអស់ចំនួន២០ក្បាល កូនចំនួន០៧ក្បាល បានធ្វើក្រោលជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ដែលមានចំងាយពីផ្ទះរបស់គាត់ ប្រហែល១០០ម៉ែត្រ ។ ជារៀងរាល់យប់គាត់តែងតែក្រោកដើរមកពិនិត្យមើលក្របីរបស់គាត់ ។ នៅយប់កើតហេតុវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ គាត់បានក្រោកទៅមើលក្របីក្នុងក្រោលដូចសព្វដងស្រាប់តែបាត់ក្របីអស់ចំនួន០៣ក្បាល ជាក្របីមេពូជ ។
លោកវរសេនីយ៍ឯកយ៉ត សុផល បានបញ្ជាក់បន្ថែមថា៖ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃ បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិង ត្រួតពិនិត្យជុំវិញករណីខាងលើ យើងបានឃើញគន្លងរថយន្តធុនតូច បើកមកពីទិសខាងកើតថយចូលតាមផ្លូវជាប់ខ្នងទំនប់អាងទឹកត្រពាំងថ្ម ខាងកើតកន្លែងកើតហេតុចំងាយប្រមាណ១៥០ម៉ែត្រ និងឃើញមានស្នាមជើងសត្វក្របីដែលជនល្មើសបានដេញឡើងលើរថយន្ត រួចបើកមកទិសខាងកើតតាមខ្នងទំនប់អាងទឹកត្រពាំងថ្ម ។
ទាក់ទិននឹងករណីខាងលើកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ កំពុងស្រាវជ្រាវដើម្បីឈានដល់ការបង្ក្រាបចាប់ខ្លួនជនប្រព្រឹត្តល្មើសយកទៅផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់