ព័ត៌មានជាតិ

សង្ស័យងងុយដេកបុរសម្នាក់បើករថយន្តរេទៅបុករថយន្តដឹកស៊ីទែនសាំង

ភ្នំពេញៈ សង្ស័យងងុយដេកបុរសម្នាក់បើករថយន្តតាកូមារេទៅបុករថយន្តដឹកស៊ីទែនសាំងរងការខូចខាតឯរថយន្តបង្កដាច់កាឡេកង់មុខ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ចំណុចទល់មុខសាលា សង្កាត់ច្រាំងចំរេះទី២ តាមបណ្តោយផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក តាកូមា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-3381 បើកដោយបុរសម្នាក់។
រថយន្ត ដឹកស៊ីទែនសាំងមិនត្រូវបានស្គាល់ស្លាកលេខនោះទេ ដោយសារក្រោយកើតហេតុភាគីទាំងសងខាងសម្រួលគ្នារួចក៏បើកចេញទៅបាត់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកស៊ីទែនសាំង បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តតាកូមាខាងលើ បើកដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងសង្ស័យងងុយដេកងោកមួយភាំង ក៏រេចង្កូតមកឆ្វេងដៃខុសគន្លងបន្តិចជ្រុលទៅបុករថយន្តដឹកស៊ីទែនសាំងរងការខូចខាតតិចតួច រីឯរថយន្តបង្កដាច់កាឡេរងការខូចខាតខាងមុខផ្នែកខាងឆ្វេង។

ក្រោយពីកើតហេតុសមត្ថកិច្ច មូលដ្ឋានបានពិនិត្យវាស់វែង ហើយភាគីទាំងសងខាងសម្រួលគ្នា ដោយភាគីរថយន្តតាកូមាចេញថ្លៃជួសជុលរថយន្តដឹកស៊ីទែនដើម្បីបញ្ចប់រឿង៕

មតិយោបល់