កណ្តាលៈ កាលពីវេលាម៉ោង ៦និង១៥នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២១ ចំណុចគល់ស្ពានព្រែកក្បាលកោះទៀវ (ទី៦៤) ត្រើយខាងជើង ភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
ម៉ូតូម៉ាក គុបមូល ហុងដាសេ៩០ ពណ៌ខៀវចាស់ អត់ស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង ជ្រៃធំតាខ្មៅ ឆ្លងផ្លូវពីកើតទីលិច អ្នកបើកបរឈ្មោះ ហ៊ី យ៉ុង ភេទប្រុស អាយុ ៥៤ឆ្នាំ (ប្ដី) អ្នករួមដំណើរឈ្មោះ ទឹម រិន ភេទស្រី អាយុ ៥៧ឆ្នាំ(ប្រពន្ធ) ស្លាប់នៅកន្លែងកើតហេតុទាំង ២នាក់ និង រស់នៅភូមិឃុំកើតហេតុ មានមុខរបរជាកសិករ។ លុះធ្វើដំណើរមកដល់ចំណុចខាងលើ បានបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហុន 3A-2523 បើកបរស្របទិសគ្នា រត់គេចបាត់ស្រមោល។
មូលហេតុ៖ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ ខ្វះការប្រុងប្រយ័ត្ន បត់ឆ្វេងឆ្លងផ្លូវ មិនបានមើលក្រោយ ចំណែករថយន្ត បើកបរមានល្បឿនលឿន ធ្វេសប្រហែស មិនបានមើលស្ថានភាពខាងមុខ គេចមិនផុតក៏បុកម៉ូតូ ហើយកិនបណ្ដាលឲ្យស្លាប់មនុស្សភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់