ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេច ត្រូវម្ចាស់តាមទាន់ចាប់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿង បានសម្រេចតែរត់មិនរួច ក៏ត្រូវបានម្ចាស់ម៉ូតូដេញតាមទាន់ ឃាត់អោយសមត្ថកិច្ច ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០២និង២០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតចំណុចភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សំណាង ភេទប្រុស អាយុ ប្រមាណជាង២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និងរថយន្ត ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមកពីទិញអីវ៉ាន់ហើយក៏ភ្លេចដកសោរម៉ូតូចេញពីម៉ូតូ ក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅជិះ ដើម្បីគេចខ្លួន តែដោយសាជនសង្ស័យមិនដឹងថា សោនៅក្នុងហោប៉ៅមូតូ ក៏បណ្តើរពីម្តុំសួរកុមារក្នុងភូមិដើមគ រហូតដល់ក្រោមស្ពានជ្រោយចង្វា ទើបឃើញទាន់ក៏ស្រែកនឹងដេញតាម រហូតដល់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួចធ្វើការប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ ។

ដោយសារឃើញស្ថានភាពជនសង្ស័យ ហាក់មិនមានស្មារតីរឹងមាំ ហើយជនរងគ្រោះសង្ស័យថា ជនសង្ស័យប្រើសារធាតុញៀន លើសកម្រិតក៏សម្រេចចិត្ត មិនប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់ទេ គឺគ្រាន់តែឱ្យធ្វើការអប់រំជនសង្ស័យប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍មុននិងអប់រំឱ្យត្រឡប់ទៅវិញ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញផងដែរ ៕

មតិយោបល់