ព័ត៌មានជាតិ

នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបញ្ជូនជនសង្ស័យដែលនាំមនុស្សចេញមិនស្របច្បាប់១០នាក់ទៅសាលាដំបូង

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះបានបញ្ជូនខ្លួនជនសង្ស័យពីបទនាំមនុស្សចេញមិនស្របច្បាប់ចំនួន១០នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនីតិវិធី។

លោកស្រីឧត្តមសេនីយ៍ត្រីឌីសុជាតិស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាជនសង្ស័យទាំង១០នាក់នេះគឺពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃមិនស្របច្បាប់ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១បានធ្វើការឃាត់ខ្លួនចំនួន០២ករណីដោយឡែកពីគ្នាជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១រួចបានធ្វើការប្រគល់ឲ្យនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនមកកាឋរិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។

លោកស្រីឧត្តមសេនីយ៍ស្នងការរងបានបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងម៉ូតូចំនួន០៥គ្រឿងដែលជាម្យោបាយសម្រាប់បម្រើឲ្យបទល្មើសដឹកជញ្ជូនពលករដើម្បីឆ្លងដែន។

បើយោងតាមចម្លើយបំភ្លឺរបស់ពលករចំនួន៥នាក់(ជនជាតិថៃ០១នាក់)និងចម្លើយសារភាពរបស់ជនសង្ស័យទាំង១០នាក់ឲ្យដឹងថាពួកគេពិតជាបានប្រព្រឹត្តអំពើនាំមនុស្សចេញដោយមិនស្របច្បាប់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជូនទៅសាលាដំបូងខេត្តបន្តាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់។ចំពោះពលករចំនួន០៥នាក់ត្រូវបានធ្វើកិច្ចសន្យាអប់រំរួចឲ្យពួកគេវិលទៅលំនៅឋានវិញ។ចំណែកជនជាតិថៃ០១នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យនិមិត្ត៕

 

មតិយោបល់