ព័ត៌មានជាតិ

លាន់ឮរំពង! រថយន្តពីរគ្រឿងបុកគ្នា ស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់ ២នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ១១ និង៣០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និង២នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-7497 ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយបង្កគេចខ្លួនបាត់ )។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានរេចង្កូតមកឆ្វេងដៃ ទៅបុករថយន្ត ០១គ្រឿងទៀត ម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2C-0818 ក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ ៤៨ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរចំនួន ០៣នាក់ ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ ៤១ឆ្នាំ (របួសធ្ងន់) ,ឈ្មោះ សាសា ភេទប្រុស អាយុ ១១ឆ្នាំ (របួសធ្ងន់) និងឈ្មោះ លីន អាយុ ២៩ឆ្នាំ (ស្លាប់) ។ អ្នកទាំងបួនមានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ បានបញ្ជូនទៅមន្ទីរពេទ្យ៕

មតិយោបល់