ព័ត៌មានជាតិ

លម្អិត៖ អាសូរណាស់! អគ្គិភ័យឆេះផ្ទះនៅសង្កាត់បឹងរាំង បណ្ដាលឲ្យមនុស្សស្លាប់ ៤នាក់ ដោយសារឆ្លងចរន្ដអគ្គិសនី

ភ្នំពេញ: យោងយោងតាមផេក ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៤៤-៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះនេះមានម្ចាស់ឈ្មោះ ហុក ពេជ្រហឿន ភេទប្រុស អាយុ ៤២ឆាំ្ន ជាអាជីករលក់សាច់ប៉ាតេ។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ត្រូវបានមន្ដ្រីជំនាញអះអាងថា ដោយសារឆ្លងចរន្ដអគ្គិសនី។

លោកវរសេនីយ៍ឯក បានបន្តថា មនុស្សទាំង៤នាក់ដែលទទួលមរណភាពនោះ រួមមាន៖ ទី១៖ ឈ្មោះ សម្បត្តិ បញ្ញា អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ ផុន ដាវី អាយុ១៩ឆ្នាំ, ទី៣៖ ឈ្មោះ ផុន ដាវីត អាយុ១៨ឆ្នាំ និងទី៤៖ ឈ្មោះ លី អាយុ១៨ឆ្នាំ ដែលពួកគេសុទ្ធតែជាកម្មករបម្រើការងារក្នុងផ្ទះរងគ្រោះ។ ដោយឡែក មន្ដ្រីកិច្ចសន្យាអគ្គិភ័យម្នាក់ ក៏បានរងរបួសក្នុងហេតុការណ៍នេះផងដែរ ឈ្មោះ ម៉ូច សីហា អាយុ២៤ឆ្នាំ។

ក្នុងហេតុការណ៍អកុសលមួយនេះ បានបំផ្លាញផ្ទះជាន់ផ្ទាល់ដី ទំហំ៨ម៉ែត្រ គុណ២២ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា ឆេះរថយន្ត Ford Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន 01គ្រឿង, ឆេះរថយន្ត Luxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AL-1158 ចំនួន 01គ្រឿង, ឆេះម៉ូតូសរុបចំនួន 07គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៣៨គ្រឿង ប្រើប្រាស់ទឹកអស់៣៨ឡាន និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបរលត់ទាំងស្រុង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕

មតិយោបល់