ព័ត៌មានជាតិ

ក្មេងទំនើងពីរក្រុម ជិះម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោកាប់គ្នា ត្រូវក្បាលសន្លប់ក្នុងថ្លុកឈាមម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីក្មេងទំនើងចំនួន០២ក្រុម ជិះម៉ូតូធ្វើសកម្មភាព ដេញវាយតប់និងកាប់គ្នា ពេញដងផ្លូវនៅចំណុចវិមានឯករាជ្យ បណ្តាលឲ្យភាគីម្ខាងទៀតកាប់ត្រូវក្បាលម្នាក់ ជាច្រើនកាំបិត រងរបួសធ្ងន់ដេកដួលសន្លប់ក្នុងថ្លុកឈាម នៅផ្លូវព្រះសីហនុកែងផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីហិង្សាខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នាជាច្រើននាក់ បានជិះម៉ូតូជាំច្រើនគ្រឿង ប្រដេញគ្នាតាមបណ្ដោយផ្លូវព្រះសីហនុ ហើយម្នាក់ៗ ប្រដាប់ដោយដាវកាំបិត និងដំបង ធ្វើដំណើរទិសដៅពីសួនច្បារ មុខវត្តបទុមវតី សំដៅទៅវិមានឯករាជ្យ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែបើកឆាកប្រយុទ្ធគ្នាមួយប្រាវ បណ្តាលឲ្យម្នាក់ជិះម៉ូតូម៉ាក ស៊ុយសុគីនិច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1CY-5597 ត្រូវបក្ខពួកជម្លោះម្ខាងទៀត កាប់ត្រូវចំកណ្ដាលក្បាលខាងស្ដាំមួយកាំបិត និងសៀតថ្កាខាងស្ដាំមួយកាំបិត បណ្តាលឲ្យដេកដួលសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាម វង្វេងវង្វាន់ស្មារតី ពេលដឹងខ្លួនឡើងវិញ ស្រាប់តែសួរលែងដឹងអ្វីទាំងអស់ ។

បន្ទាប់ពីបង្កហេតុរួចក្រុមក្មេងទំនើងទាំងនោះ ក៏បានបំបែកផ្លូវគ្នាជិះរត់គេចខ្លួន ស្របពេលនោះ ក៏មានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងល្បាតពួនស្ទាក់ដល់ចំណុចកើតហេតុ ក៏ប្រទះឃើញហេតុការណ៍ជាក់ស្ដែង ក៏ធ្វើការអន្តរាគមន៍ឃាត់ និងដេញចាប់បានក្រុមក្មេងទំនើងជាជនសង្ស័យចំនួន៥នាក់ ដកហូតបានម៉ូតូ០២គ្រឿង មួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខតាកែវ 1S-9947 និងមួយគ្រឿងទៀត ម៉ាកស៊ុយសុគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1IK-5304 និងកាំបិតប៉័ងតោមួយដើម ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះគ្លីនិកឯកជន មកដឹកទៅព្យាបាលរបួសភ្លាមៗផងដែរ ចំណែកជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនាំខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីសួរនាំនិងក៏សាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់