ព័ត៌មានជាតិ

ចិនស្រវឹងស្រាជោក បើករថយន្តលឿន រេចង្កូតធ្លាក់ប្រឡាយទឹកស្អុយក្រឡាប់ រងការខូចខាត

ភ្នំពេញ: ករណីជនជាតិចិនស្រវឹងស្រាជោកជាំ បើករថយន្តក្នុងល្បឿនលឿន បណ្ដាលឲ្យដាច់ក្រឡេក្រឡាប់បីបួនត្រឡប់ រងការខូចខាតអស់ស្ទើរទាំងស្រុង សំណាងល្អអ្នកបើកបរនឹងអ្នករួមដំណើរ នៅក្នុងរថយន្តរងរបួសស្រាល ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង២៥នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចបុរីពិភពថ្មី០៣ សង្កាត់កន្ទូក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិចិន ចំនួនពីរនាក់ បើករថយន្តម៉ាក RAV4 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2L-1224 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងល្បឿនលឿន ហើយមានស្ថានភាពស្រវឹងជោកជាំ ខណ:មកដល់ត្រង់ចំណុចបុរីពិភពថ្មី០៣ ក៏បានរេចង្កូតជ្រុលទៅធ្លាក់ ក្នុងប្រឡាយទឹកស្អុយ បណ្ដាលឲ្យរថយន្តដាច់ក្រឡេក្រឡាប់បីបួនត្រឡប់ ដាច់កង់មួយចំហៀងផ្នែកខាងមុខ រងការខូចខាត អស់ស្ទើរតែទាំងស្រុង តែសំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរបានរងរបួសស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុនោះភ្លាម ដើម្បីត្រួតពិនិត្យមើលឃើញថា រថយន្តបង្កការគ្រោះថ្នាក់ដោយខ្លួនឯងនេះ គ្មានការប៉ះពាល់ដល់សម្បត្តិសាធារណ: និងរងគ្រោះទៅដល់អ្នកធ្វើដំណើរ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យជនជាតិចិនទាំងនោះ ហៅរថយន្តមកស្ទូចយករថយន្ត ដែលបានរងការខូចខាតរបស់ខ្លួន ទៅធ្វើការជួសជុលដោយខ្លួនឯង ៕

មតិយោបល់