ព័ត៌មានជាតិ

ករណី​អគ្គីភ័យ​ឆាប​ឆេះ​រោងចក្រកាត់ដេរមួយកន្លែង នៅស្រុកត្រាំកក់​ ខេត្តតាកែវ

រោងចក្រដេរអាវពោងសម្រាប់ហែលទឹក និងដេរកាបូបមួយកន្លែងនៅស្រុកត្រាំកក់ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញ​ខូចខាតអស់សម្ភារជាច្រើន ខណៈរថយន្តពន្លត់អគ្គីភ័យខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតមកជួយបាញ់ទឹកពន្លត់អស់ប្រមាណ៦០រថយន្ត។

ហេតុការណ៍អគ្គីភ័យឆាបឆេះរោងចក្រនេះបានកើតឡើងនៅចំណុចខាងកើតផ្លូវជាតិលេខ៣ក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង ១១ នឹង ៤០នាទីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២២ ខណៈកម្មករ កម្មការីនី ដល់ម៉ោងសម្រាកចេញមកហូបបាយ។

តាមសម្តីកម្មកររោងចក្របម្រើការក្នុងក្រុមហ៊ុននេះឲ្យដឹងថា រោងចក្រនេះ ដេរកាបូបយួ និងអាវពោងសម្រាប់ពាក់ហែលទឹក និងមានថៅកែជាជនជាតិចិនអ្នកគ្រប់គ្រង ហើយមានកម្មករ កម្មការិនីសរុបចំនួន ១៣៩៦ នាក់ ស្រី១១២២នាក់។

ពួកគាត់បន្តទៀតថា នៅពេលបងប្អូនយើងកំពុងតែហូបបាយខាងក្រៅរោងចក្រស្រាប់តែមានការឆោឡោឡើង និងឃើញផ្សែងខ្មៅខ្មួលខ្មាញ់ឆេះចេះពីកន្លែងដាក់សម្ភារពីខាងត្បូង។ ឆេះជិតកន្លះម៉ោងទើបមានឡានទឹកទៅជួយបាញ់ពន្លត់តែដោយសារក្នុងរោងចក្រ មានសម្ភារៈសុទ្ធតែជាតិស្នោនិងជ័រនោះទើបធ្វើឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងឆាប់រហ័ស។

លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បញ្ជាក់ថា មកដល់ម៉ោងជិត ១៦រសៀល ស្ថានការណ៍បានធូរស្រាលដោយអាជ្ញាធរគ្រប់គ្រងអគ្គីភ័យនេះបានទាំងស្រុង ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ប្រហែល​៦០រថយន្តក្នុងការទប់ស្កាត់។

ចំពោះទំហំនៃការខាត់បង់គិតជាថវិកា លោកអភិបាលរងស្រុកមិនបានបញ្ជាក់ទេ គ្រាន់តែប្រាប់ថា មិនមានកម្មករ កម្មការិនីណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះទេ៕

មតិយោបល់