ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២១ នៅវេលាម៉ោង ៦ និង៩នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរ៉ឺម៉កបុកនឹងម៉ូតូក្នុង ទិសដៅបញ្រ្ចាសគ្នា នៅចំណុចម្ដុំត្រពាំងស្ដើង តាមបណ្ដោយផ្លូវក្រាលកៅ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បណ្តាលឲ្យស្លាប់បុរស ដែលជាឪពុកនៅនឹងកន្លែងកើតហេតុ រីឯកូនបង្កើតក៏បានស្លាប់នៅតាមផ្លូវ ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកបានកាន ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យបានឲ្យដឹងថា ម៉ូតូបង្កហេតុមានម៉ាកវ៉េវ អាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខ មានសណ្ដោងរ៉ឺម៉ក បើកបរពីកើតទៅលិច ដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតចូលទៅចំណែកផ្លូវខាងស្តាំ នៃផ្លូវអាទិភាពរបស់ជនរងគ្រោះទាំងពីរខាងលើ (ដោយសារអ្នកបើកបរម៉ូតូ អូសរម៉កទើបតែរៀនបើកបរ)
បានបុកម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខយ៉ាងពេញទំហឹង ដែលកំពុងបើកបរពីលិច ទៅកើតជិះគ្នា២នាក់ បើកបរដោយឈ្មោះ ចាន់ គី ភេទប្រុសអាយុ១៤ឆ្នាំ ជាសិស្សរស់នៅក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោសែនជ័យ បណ្តាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅមណ្ឌលសុខភាពតាលោ ហើយត្រូវបានគេបញ្ជូនបន្ត ទៅមន្ទីរពេទ្យបង្អែក ស្រុកបាកាន ប៉ុន្តែបានស្លាប់នៅតាមផ្លូវ ។ ចំពោះអ្នករួមដំណើរឈ្មោះ ចាន់ ក្តិប ហៅ មឿន អាយុ ៤០ឆ្នាំ ជាកសិករត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ និងបានស្លាប់នៅនឹងកន្លែងកើតហេតុ ចំពោះអ្នកបើកបរម៉ូតូបង្កហេតុ បានរត់គេចខ្លួនបាត់ ។
របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ ហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាមិនប្រកាន់ស្តាំ និងកត្តាល្បឿន ។ សមត្ថកិច្ចនគរបាលបានយកម៉ូតូទាំង២គ្រឿង និងរម៉កទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
មតិយោបល់