ព័ត៌មានជាតិ

មេភូមិម្នាក់ ចេញពីបុណ្យសពក្មួយ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ត្រូវរថយន្តបុករងរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់គេស្គាល់ថា ជាមេភូមិបានរងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុករបួសធ្ងន់ ខណ:ពេលជិះម៉ូតូមកពីកំដរបុណ្យសពក្មួយ ហើយត្រឡប់ទៅផ្ទះវិញ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ A ​ខាងត្បូងផ្លូវចូលសាលាបឋមសិក្សាតាបែន ស្ថិតក្នុងភូមិតាបែន ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពពីនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុត បូណា ភេទប្រុស អាយុ៥៦ឆ្នាំ (មេភូមិគោករកា) រស់នៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ខេត្តនប្ទាយមានជ័យ ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅកំដរបុណ្យសពក្មួយ នៅភូមិគោករកាជាមួយគ្នា លុះដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ក៏ជិះម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ប.មានជ័យ1C-2722 ត្រឡប់មកផ្ទះវិញ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកត្រូវចំក្បាល និងរបួសប្រអប់ជើងខាង​ស្ដាំ) រងរបួសធ្ងន់ ។​ រថយន្តក្រោយពីបង្កហេតុ អ្នកបើករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោលឈឹង ។ ចំ​ណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យភូមិភាគ៥ (ប៉ូពីរ) ខេត្តបាត់ដំបង ៕

មតិយោបល់