ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋ ១គ្រឿងបើកចូលការដ្ឋានមួយកន្លែងបំណងទំលាក់ឥដ្ឋ ស្រាប់តែរអិលថយក្រោយបុកម៉ូតូប៉ូលីសចរាចរណ៍ ២គ្រឿងខូចខាត

ភ្នំពេញៈ រថយន្តកូរ៉េដឹកឥដ្ឋធុនធំ មួយគ្រឿងបើកចូលការដ្ឋានអគារសំណង់ មួយកន្លែងបម្រុងចូលដាក់ឥដ្ឋ រអិលថយក្រោយបុកម៉ូតូប៉ូលីសចរាចរណ៍ចំនួនពីរគ្រឿងនិងទ្វាររបងផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ដុបវត្តនាគវ័ន តាមបណ្ដោយមហាវីថីសហព័ន្ធរុស្សី កែងផ្លូវលេខ២២១ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីប៉ូលីសចរាចរណ៍នៅគោលដៅបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តកូរ៉េ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0198 ធុនធំ ដឹកឥដ្ឋគោលបំណងចូលទំលាក់ឥដ្ឋចុះ នៅការដ្ឋានអគារខុនដូរខ្ពស់ កំពុងសាងសង់មួយកន្លែងនៅក្បែរកែងស្តុបមុខវត្តនាគវ័ន្ត តែខណៈពេលរយែរថយន្តថយក្រោយ ជាន់ហ្វ្រាំងមិនជាប់បានជាន់ម៉ូតូរបស់ប៉ូលីស នៅប្រចាំការណ៍គោលដៅខូចខាតចំនួន២គ្រឿង។ ម៉ូតូទី១ម៉ាក ឌ្រីមសង់ C125 ឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ2671 នឹងមួយគ្រឿងទៀតម៉ាក ស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DB7144 ដែលចតនៅស្ងៀម និងបាក់របងផ្ទះប្រជាពលរដ្ឋ ប៉ុន្តែសំណាងល្អមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។

ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចដែលជាម្ចាស់ម៉ូតូខូចខាតនឹង ម្ចាស់ផ្ទះខូចខាតរបងផ្ទះរួមទាំងខាងរថយន្តបង្កសម្រួលតែមិនត្រូវគ្នាក៏វាស់វែង យករថយន្តនឹងម៉ូតូយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់