បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួក ធ្វើការស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់ម្នាក់ នៅវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវចូលទៅមណ្ឌលដីការេពីរ តំបន់ភ្នំចង្ក្រានយក្ស ក្នុងភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមរមានជ័យ រួមទាំងដកហូតបានវត្ថុតាងកាំបិតខ្វែវ ដែលធ្វើសកម្មភាពកាប់ទៅលើស្ត្រីរងគ្រោះ រួចបានយកទៅលាក់ទុកនៅក្នុងចម្ការដំឡូងមីខាងកើតវិទ្យាល័យថ្មពួក។
សូមជម្រាបថា នៅវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីហឹង្សាដោយចេតនាកើតឡើង បង្កដោយឈ្មោះស្វឿង ប៉ុង ជនដៃដល់ ជាមនុស្សញៀនថ្នាំ បានធ្វើសកម្មភាពកាន់កាំបិតខ្វែវដើរតម្រង់ចូលមកកាប់អ្នកស្ត្រី៣ទៅ៤នាក់ ដែលកំពុងធ្វើស្លទឹកនំបញ្ចុកហូបជាលក្ខណៈគ្រួសារ និងចិតបន្លែដោយពុំដឹងមូលហេតុ។ ដោយឃើញពីសកម្មភាពរបស់ជនល្មើស ស្ត្រីទាំងនោះបាននាំគ្នាស្ទុះក្រោករត់យករួចខ្លួន តែចៃដន្យស្ត្រីឈ្មោះហឿង សៃនាវ អាយុ៥៨ឆ្នាំ ជាប្រពន្ធរបស់ក្រុមប្រឹក្សាឃុំថ្មពួក នៅភូមិថ្មពួក ឃុំថ្មពួក ខេត្តបន្ទាយមានជ័យ បានស្ទុះរត់បានបន្តិចជាន់ដុំដីក្រឡាច់ដួល ត្រូវជនដៃដល់កាប់ត្រូវចំជើងទាំងសងខាង ដៃទាំងសងខាង និងដងខ្លួន រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែដោយរបួសធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យស្រុកបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំណែកជនដៃដល់ឈ្មោះ ស្វឿង ប៉ុង បន្ទាប់ពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់