ភ្នំពេញៈ ពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ នៃព្រះអង្គម្ចាស់ Michael នៃចក្រភពអង់គ្លេស។ ព្រះអង្គម្ចាស់ Michael បានប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មន្ត្រីក្រសួមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយមុននេះបន្តិច។
បើតាមផេកក្រសួងសាធារណការ ឲ្យដឹងថា ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក រយៈពេល១១ខែ ឆ្នាំ២០១៦ បានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ មានត្រឹម៣.៣៣៨ករណី ថយចុះ៤៥១ករណី ដែល១១ខែ ឆ្នាំ២០១៥ មានរហូតដល់៣.៧៨៩លើក។ ចំនួនអ្នកស្លាប់ត្រូវបានថយចុះ ពី៦.៥៥៨នាក់ មកនៅត្រឹម៥.៩៦២នាក់។ ទាំងនេះ គឺត្រូវបានក្លាយជាលក្ខណៈបច្ចេកទេសចម្បង ក្នុងការវិនិច្ឆ័យធ្វើឲ្យកម្ពុជា ទទួលបានពានរង្វាន់នេះ។
សម្តេចក្រឡាហោម ស ខេង បានធ្វើការកត់សម្គាល់ថា ពានរង្វាន់នេះ គឺបានមកពីការខិតខំប្រឹងប្រែង រួមពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ការខិតខំរបស់ម្ត្រីអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ អន្តរជាតិ ទើបធ្វើឲ្យយើងសម្រេចបាននូវជោគជ័យ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៦នេះ។
សម្តេចក្រឡាហោម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប សូមគោរបច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងយោគយល់អធ្យាស្រ័យ ក្នុងការបើកបរ ពិសេសអ្នកជិះម៉ូតូគ្រប់រូប អ្នកបើកបរអាជីព អ្នកដឹកកម្មករ អ្នកដឹកអ្នកដំណើរ ដឹកទំនិញ ដើម្បីកាត់បន្ថយថែមទៀត នូវជនរងគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៧ខាងមុខនេះ៕
មតិយោបល់