បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងទំនើងម្នាក់ផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន តែងតែធ្វើសកម្មភាពអុកឡុកបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិត្រូវបាននគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួនហើយនៅវេលាម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនប្រព្រឹត្តល្មើសឈ្មោះឆ្លៃ បូលីន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជននេះ កន្លងមកតែងតែដើរផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀន ហើយធ្វើសកម្មភាពបង្កអសន្តិសុខអុកឡុកក្នុងមូលដ្ឋាន និងធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ចំនួន០២លើករួចមកហើយ។
ប្រភពដដែលបានបញ្ជាក់ថា៖ក្រោយពីចេញពីមណ្ឌលកែប្រែវិញជននេះនៅតែប្រព្រឹត្តនូវអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម ផឹកស៊ីនិងប្រើប្រាស់គ្រឿងញៀនដដែលនិងជិៈម៉ូតូស្រែកឡូឡា ព្រមទាំងកាន់ដាវសាម៉ូរ៉ៃ បង្កដល់ភាពភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ជននេះបានធ្វើសកម្មភាពបង្កអុកឡុកឈរកាន់ដាវនៅតាមផ្លូវសាធារណៈសំឡុតគំរាមកំហែងប៉ុនប៉ងកាប់ទៅលើប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ នៅក្នុងមូលដ្ឋាន។ ក្រោយពីទទួលបាន ព័ត៌មានកម្លាំងនគរបាលស្រុក បានចេញអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យនិងដកហូតបានដាវសាម៉ូរ៉ៃ ចំនួន០១ដើម។ បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
មតិយោបល់