ព័ត៌មានជាតិ

ជនសង្ស័យចំនួន០៥នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់

តាកែវ: នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ មានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព លួចយកម៉ូតូមួយករណី មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ កើតឡើង នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ស៊ិន ស៊ីដែន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ករណីខាងលើនេះ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា០៥នាក់ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ុយគី វីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AD- 9288 តែមិនបានសម្រេច ត្រូវបានម្ចាស់ផ្ទះដឹងទាន់ និងស្រែកឆោឡោ ព័ទ្ធចាប់បានជនសង្ស័យម្នាក់ មានឈ្មោះ ចេង វណ្ណដែង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានរាយការណ៍មកកម្លាំងជំនាញ ដើម្បីនាំខ្លួនមកធ្វើការសាកសួរបន្ត ។

ក្រោយធ្វើការសាកសួរ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងដូនកែវ ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ បានធ្វើការស្រាវជ្រាវ និងមានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅវេលាម៉ោង១២ និង០០នាទី ថ្ងៃ ខែ ឆ្នាំដដែល បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ហ៊ិន ធូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ សង្កាត់ជាមួយគ្នា នៅភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រីឯជនបក្ខពួកជនសង្ស័យ០៣នាក់ទៀតមានទី១-ឈ្មោះ ដំ ទី២-ឈ្មោះ ចាំង និងទី៣-ឈ្មោះ សូនី កំពុងរត់គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់