ព័ត៌មានជាតិ

នារីរូបស្រស់ បើករថយន្តលឿនជ្រុលចង្កូត បុកទ្វាររបងផ្ទះពលរដ្ឋ ខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ នារីរូបស្រស់មួយក្រុមស្រវឹងស្រាជោក បើករថយន្តឡុចស៊ីស HS450h មួយគ្រឿងយ៉ាងលឿន រេចង្កូតបុកទ្វាររបងផ្ទះពលរដ្ឋ បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្ទះលេខ១៦៥ ផ្លូវលេខ៣៤៩ ក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

នៅមុនពេលកើតហេតុ គេឃើញនារីមួយក្រុមមានគ្នាបីទៅបួននាក់ បានបើកបររថយន្តមួយគ្រឿងម៉ាកឡុចស៊ីស HS450h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-7033 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវលេខ៣៤៩ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ឆ្ពោះទៅផ្លូវជាតិលេខ១ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្ត រេចង្កូតទៅខាងឆ្វេង ជ្រុលបុកទម្លុះទ្វារដែករបងផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យនារីម្នាក់ជាតៃកុងរងរបួសធ្ងន់ រីឯអ្នករួមដំណើរ បានរងរបួសស្រាល ។ ភ្លាមៗនោះអ្នករួមដំណើរដែលរងរបួសស្រាល ក៏បាននាំគ្នាលើកអ្នកបើកបររថយន្ត ដែលរងរបួសធ្ងន់ ដាក់លើម៉ូតូកង់បី ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត ៕

មតិយោបល់