ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសវ័យ១៥ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជិវិត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាង រថយន្ត និងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចចិនយំ ចន្លោះគីឡូម៉ែត្រលេខ ៧៣–៧៤ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១៧ និង ១០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក Lexus RX 300 ស្លាកលេខភ្នំពេញ 2BC-3928 បានធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ បានបុក និងម៉ូតូម៉ាក ហុងដា វ៉េវ អាល់ហ្វា ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខពោធិ៍សាត់ 1I-3605 ដែលបើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយជួបប្រទះហេតុការណ៍ដូចនេះអ្នកបើកបររថយន្តបង្ក បានបើកទ្វារថយន្ត រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ប្រភពបានបន្តថា ក្រោយឃើញហេតុការណ៍ដូចនេះ ក៏មានការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំអោយមានការកកស្ទះ ។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ប្រាក់ សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកបរម៉ូតូបានស្លាប់នៅនឹងកន្លែងកើតហេតុ ជនរងគ្រោះមានទីលំនៅ នៅចំណុចតាំងយ៉ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯអ្នកបើកបររថយន្ត បានររត់គេចខ្លួន ពុំទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចធ្វើការស្រាវជ្រាវចំពោះរថយន្ត ផ្នែកជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកវាលវែង កសាងសំណុំរឿង ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ។
លោកអធិការបានបន្តថា មូលហេតុដែលបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយកត្តា អ្នកបើកបររថយន្តមិនប្រកាន់ស្ដាំ ៕
មតិយោបល់