ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខចុះបិទទីតាំង ភោជនីយដ្ឋាន ហ្គោល ជាបណ្តោះអាសន្ន ក្រោយលួចលាក់បើកខារ៉ាអូខេ និងឃាត់ខ្លួនប្រុសស្រី ២៦នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការរដ្ឋបាលខណ្ឌ សែនសុខ បានចុះធ្វើការបិទហាងខារ៉ាអូខេមួយកន្លែង យីហោ ហ្គោល នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៦នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង ក្រោយពីបានបើក ទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើន និងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញមិនខ្លាចការឆ្លងជំងឺកូវីដ១៩។

ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លាត ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ បីការពារ បីកុំ របស់ប្រមុខរាជរដ្ឋាភិបាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការ ខាងលើនេះកម្លាំងសមត្ថកិច្ចចុះធ្វើការបិទហាងខារ៉ាអូខេ ហ្គោល បណ្ដោះអាសន្ន និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៦នាក់ ក្នុងនោះមានស្រី ១៤នាក់ ប្រុស ១២នាក់ រួមនិងម៉ូតូជាច្រើនគ្រឿងផងដែរ ដោយនាំយកទៅអធិការរដ្ឋាននគរបាលខណ្ឌ សែនសុខដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់