ភ្នំពេញ: លោក ឌី រ័ត្នខេមរុណ អភិបាល រងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសាកសួរសុខទុក្ខ ស្ត្រីក្រីក្រ ដែលកំពុងមានផ្ទៃពោះ ជិតសម្រាលកូន និងខ្លះទៀត សម្រាលរួច ចំនួន ៦នាក់ ដែលកំពុងសម្រាក នៅក្នុងមណ្ឌលសុខភាពចាក់អង្រែក្រោម ស្ថិតក្នុងភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ មេសា ២០១៦ នេះ។
អំណោយ ដែលចែកចាយជូន រួមមាន មីយើង ១កេស, ឃីត ១ឈុត (មុង ភួយ ក្រមា), ត្រីខ ១យួរ ស្មើរនឹង ១០កំប៉ុង, រួមទាំងថវិការ ចំនួន ៥ម៉ឺនរៀល ផងដែរ។ ឈ្លៀតក្នុងឱកាសខាងលើនេះ លោក ឌី រ័ត្នខេមរុណ បានសំណេះសំណាលសួរសុខទុក្ខ ជាមួយស្ត្រីទាំង ៦នាក់ខាងលើ ដែលក្នុងនោះមាន ៤នាក់ ទើបសម្រាលកូនរួចថ្មីៗ និង ២នាក់ កំពុងជិតគ្រប់ខែ ខ្វះតែប៉ុន្មានថ្ងៃទៀត ត្រូវកើតហើយ ដោយលោកបានសាកសួរពីសុខុមលភាពរបស់បងប្អូន ជាពិសេស។ លើសពីនេះ លោកអភិបាលរង ស្នើឱ្យបងប្អូន ត្រូវចេះថែទាំងអនាម័យឱ្យបានល្អ ជាចម្បងបំផុត ដើម្បីជៀសវាងនូវជម្ងឺដង្កាត់ផ្សេងៗ ដែលកើតចេញពីបាត់តឺរីតូចៗ បង្កជាវីរ៉ុស ចូលជ្រាបដល់ស៊េរីរាង្គកាយរបស់យើង បង្កប៉ះពាល់ដល់ទាំងទារក ឬ ទារិការ ដែលទើបចាប់កំណើត ឬ ម្តាយ ផ្ទាល់ខ្លួន ផងដែរ។
ក្នុងឱកាសដដែលនោះ លោកអភិបាលរង ក៏បានផ្ញើក្តីនឹករលឹក ពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពីចម្ងាយ ជូនដល់បងប្អូនផងដែរ ទោះបីជាពេលនេះ សម្តេច មិនមានវត្តមាននៅទីនេះ ក៏ពិតមែន ប៉ុន្តែចិត្តរបស់សម្តេច តែងនៅក្បែរបងប្អូន គ្រប់វិនាទី មិនដែលភ្លេចឡើយ ដែលជានិច្ចជាកាល លោកតែងក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទ ធ្វើយ៉ាងណាត្រូវយកចិត្តទុក្ខដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ស្ត្រីផ្ទុកមេរោគអេដស៍ ជួបការលំបាក ចាស់ជរា និងទុរគត៌ជនជាដើម គឺមិនត្រូវមើលរំលង ជាដាច់ខាត។
សូមបញ្ជាក់ថា ដោយមើលឃើញនូវការលំបាករបស់ស្ត្រី ជាអ្នកអនាម័យ ក្នុងមណ្ឌលសុខភាពខាងលើ ចំនួន ២នាក់ ដែលគាត់ជាមនុស្សចាស់ជរា លោកអភិបាលរង ក៏បានឧបត្ថម្ភពួកគាត់ ជាអំណោយដូចទៅហ្នឹងស្ត្រី ដែលកំពុងមានផ្ទៃពោះ និងសម្រាលកូនរួច ទាំង ៦នាក់នោះ ផងដែរ៕
មតិយោបល់