ព័ត៌មានជាតិ

អាងលួចពីរបីដងមិនអី ញ៉ាមទៅម្ដងទៀត មានអីត្រូវម្ចាស់គេទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាលៈ នៅវេលាម៉ោង ៨និង ២៥នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ មានករណីជនសង្ស័យម្នាក់ ចូលក្នុងការដ្ឋានលួចទុយោបូបខ្សាច់គេ ត្រូវម្ចាស់គេទាន់ចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ សៀម សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកល្វា ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ មាស ហេងលីឆេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការបូមខ្សាច់ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

វត្ថុតាងដកហូតបានរួមមាន៖
-ពូថៅផ្លែដែក ដងធ្វើពីឈើប្រវែង០,៤៩ម៉ែត្រ ចំនួន១
-បំណែកទុយោចំនួន២កញ្ចប់ធំ
-ម៉ូតូ១ គ្រឿង ម៉ាក សង់កូរ៉េ ធុនសេ១០០ ពណ៌ស្លាទុំ គ្មានស្លាកលេខ ។

ដំណើររឿង៖ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រមាណ ៧យប់ ឈ្មោះ ចេង សេងហួរ ហៅពៅ ជាកម្មករបូមខ្សាច់ ដែលស្នាក់នៅកន្លែងកើតហេតុខាងលើ បានប្រាប់មេការរបស់ខ្លួនឈ្មោះ មាស ហេងលីឆេង ថា៖ យប់មិញមានចោរចូលធ្វើសកម្មភាពលួចទុយោបូមខ្សាច់ នៅក្នុងការដ្ឋាន។

ដោយមានការសង្ស័យ នៅយប់ថ្ងៃទី២១ ខែឆ្នាំដដែល វេលាម៉ោងប្រមាណ ៨យប់ ជនរងគ្រោះជាមេការ រួមទាំងកម្មករដទៃទៀត បាននាំគ្នាអង្គុយចាំឃ្លាំមើល នៅកន្លែងការដ្ឋានបូបខ្សាច់ ខណៈនោះ ស្រាប់តែជនរងគ្រោះ បានឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួន ចូលក្នុងការដ្ឋានបូមខ្សាច់ រួចធ្វើសកម្មភាពយកពូថៅ វាយបំបែកទុយោបូមខ្សាច់ជាបំណែកៗ រួចចងវិចខ្ចប់លើកដាក់លើម៉ូតូ បម្រុងជិះចេញ។ ភ្លាមនោះ ជនរងគ្រោះ និងកម្មករ បាននាំគ្នាដេញចាប់ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាទែន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៦ល្ងាចជាង ខ្លួនបានចូលលួចយកបំណែកទុយោ ក្នុងការដ្ឋានបូមខ្សាច់ចងដាក់លើម៉ូតូរបស់ខ្លួន ជិះដឹកយកមកទុកនៅផ្ទះ លុះព្រឹកឡើងខ្លួន បានយកទៅលក់ឲ្យអេតចាយ ដើរទិញតាមផ្លូវបានប្រាក់ចំនួន៥ម៉ឺនរៀល ។

មន្ទាប់មកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៩ ខ្លួនបានចូលលួចវាយបំបែកទុយោបូមខ្សាច់ជាបំណែកៗ វិចចងដាក់លើម៉ូតូ ជិះដឹកយកទៅទុកនៅផ្ទះ រួចព្រឹកឡើងយកទៅលក់ឲ្យយរ៉ឺម៉ក ដើរទិញតាមផ្លូវបានលុយចំនួន៦ ម៉ឺនរៀល ។

ក្រោយសាកសួរ និងចម្លើយសារភាព បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់