ព័ត៌មានជាតិ

កាមរីបាឡែនពន្លះហាយលែនឌ័រ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យខូចខាតរៀងខ្លួន

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងប្រុសស្រីបី នាក់ទៀត សង្ស័យស្រវឹងស្រាបើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនទៅបុកជាមួយរថយន្តហាយលែនឌ័រពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តហាយលែនឌ័រវិលមួយជុំ និងរងការខូចខាតយ៉ាងដំណំរៀងខ្លូន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៣០៧ កែងនឹង៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីជនជាតិខ្មែរម្នាក់ រួមដំណើរនឹងបុរសជនជាតិកូរ៉េម្នាក់ បើករថយន្តហាយលែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0950 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០៦ ទិសដៅពីកើតទៅលិច លុះដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0495 បើកបរដោយបុរសម្នាក់ រួមដំណើរនឹងប្រុសស្រីបីនាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តហាយលែនឌ័រខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តហាយលែនឌ័រវិលមួយជុំទៅមុខលែងរួច ចំណែករថយន្តកាំមារីបាឡែនខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់មិនបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់