ភ្នំពេញៈ នៅវេលាម៉ោង០២រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានករណីក្មេងប្រុសម្នាក់ ក្នុងចំណោម០៣នាក់ បានលេងទឹកអាង បណ្តាលឲ្យលង់សន្លប់ស្តូកស្តឹង ស្ថិតត្រង់ចណុចអាងស្តុកទឹកបាញ់លំអ មុខផ្សារអូឡាំព្យា តាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ក្នុងភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ បី សែន អាយុ០៦ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ រួមទាំងក្មេងប្រុសពីរនាក់ទៀត បានមកលេងទឹកកន្លែងកើតហេតុខាងលើ ដោយពួកគេទាំងបីនាក់ ចុះលេងទឹកអាងស្តុកទឹកបាញ់លំអទាំងអស់គ្នា តែក្មេងពីរនាក់ទៀត គ្រាន់តែងូតទឹកមិនបានជ្រមុជទៅក្រោមនោះទេ រីឯក្មេងរងគ្រោះបានជ្រមុជចូលទឹកតែម្នាក់ឯង ក៏បណ្តាលឱ្យលង់ទឹកសន្លប់ស្តូកតែម្តង ដោយភ្លាមៗនោះគេមិនទាន់ដឹងថា ស្លាប់ឬរស់នៅឡើយទេ ។
ក្រោយពីកើតហេតុ គេឃើញស្ត្រីជាម្តាយរបស់ក្មេងរងគ្រោះ បានហៅកង់បីដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ៕
មតិយោបល់