ភ្នំពេញៈ ដើម្បីឲ្យការធ្វើកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឲ្យមានប្រសិទ្ធភាពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពជំនាញ ចំណុះក្រសួងទាំង២កាលពីរសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០១៦នេះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានមានប្រសាសន៍ថា “ការផ្សព្វផ្សាយរួមគ្នារវាងក្រសួងទាំង២ លើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ដោយផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ហើយការកែទម្រង់នេះជាផ្នែក១ នៃស្នូលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកំណែទម្រង់ស៊ីជម្រៅ លើកកម្ពស់អភិបាលកិច្ចល្អ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព”។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ការធ្វើកំណែទម្រង់នេះ ក្រសួងបានធ្វើសកម្មចូលរួម៣ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការបង្កើនភាពទុកចិត្តនៃថវិកាពីឆ្នាំ២០០៤-២០០៧ ដោយមានការចូលរួម និងបណ្ដុះបណ្ដាលពីក្រុមការងារកំណែទម្រង់ហិរញ្ញវត្ថុសាធាណៈ (PFMRP) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយនិងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ចំណែកដំណាក់កាលទី២គឺជាការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ ដែលបានចាប់ផ្តើមពីឆ្នាំ២០០៨ ដោយក្រសួងបានរៀបចំផែនការសកម្មភាពរួមជាបន្តបន្ទាប់ រហូតដល់ផែនការសកម្មភាពរួម ២០១៦-២០១៨ និងដំណាក់កាលទី៣នេះ ជាការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល។
ក្នុងដំណាក់កាលទី៣នេះ លោករដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា នឹងទទួលបានជំនួយបច្ចេកទេសសម្រាប់ឆ្នាំ២០១៦តទៅ ក៏ដូចជាធាតុចូលថ្មីៗពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈផងដែរ។
លោក ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានលើកឡើងថា កម្មវិធីនេះជាការផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវថែមទៀត ដល់ក្រសួងស្ថាប័នក្នុងការគ្រប់គ្រងនិងប្រើប្រាស់ថវិកាផ្សារភ្ជាប់ទៅនឹងការអនុវត្តសកម្មភាពជាក់ស្តែង ពិសេសផ្តោតលើខ្លឹមសារគន្លឹះគោលការណ៍គ្រឹះ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើអភិក្រម២ គឺ ថ្នាក់ដឹកនាំក្រសួង ត្រូវមានឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់លើគោលនយោបាយទៅកាន់ថ្នាក់ បច្ចេកទេស និង សំដៅឲ្យមានការចូលរួមពីគ្រប់តួអង្គជាមន្ត្រីរាជការ ថ្នាក់ដឹកនាំបច្ចេកទេស ស្របតាមតួនាទី និងការទទួលខុសត្រូវដោយច្បាប់ ហើយការផ្សព្វផ្សាយផ្ទាល់នេះ ក៏មានគោលដៅឲ្យមានការចូលរួមរបស់មន្ត្រីរាជការលើអភិក្រមត្រីមុខ(បុរេសកម្ម សកម្ម និងអន្តរសកម្ម)៕
មតិយោបល់