ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំបិតដេញកាប់ចិញ្រ្ចាំ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ករណីជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ ប្រដាប់ដោយដំបងទីប កាំបិតប៉័ងតោ និងដាវ ដេញកាប់បុរសម្នាក់ តាំងពីម្ដុំផ្សារតាប៉ាង រហូតដល់ផ្លូវ១៩ មុខវត្តសារ៉ាវ័ន្តតេជោ បង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ ព្រលឹងចុងសក់គ្រប់ៗគ្នា ត្រង់ចំណុចមុខវត្តសារ៉ាវ័ន្តតេជោ ផ្លូវ១៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅបន្ទប់ជាប់កន្លែងដែលជនដៃដល់ កាប់ទៅលើជនរងគ្រោះនោះ បានបង្ហើបអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវបានជនដៃដល់ មួយក្រុមមានគ្នា០៣នាក់ ប្រដាប់ដោយដំបងទីប កាំបិតប៉័ងតោ និងដាវ បានដេញកាប់ជនរងគ្រោះ ពីម្ដុំផ្សារតាប៉ាង បានស្រែកហៅអោយគេជួយ រហូតដល់មុខវត្ត តែគ្មានអ្នកជួយ ពេលនោះប្រជាពលរដ្ឋ ដែលរស់នៅផ្ទះជាន់ទី២ បានអើតមើល ស្របពេលដែលជនរងគ្រោះ ឃើញមានមនុស្សក៏រត់ឡើងជាន់ទី២ ដើម្បីអោយគេជួយ តែដោយឃើញជនដៃ ដល់ទាំង០៣នាក់ ប្រដាប់ដោយដំបង កាំបិត និងដាវគ្រប់ដៃក៏បិតទ្វារ បានត្រឹមតែឈរមើលជនដៃដល់ កាប់ចិញ្ច្រាំទៅលើ ជនរងគ្រោះតែប៉ុណ្ណោះ ។ រួចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ (អាញ៉ាញ់) អាយុជាង៣០ឆ្នាំ ស្នាក់នៅម្ដុំផ្សារតាំប៉ាង រងរបួសត្រូវជើង២កាំបិត កែងដៃស្ដាំជាច្រើនកាំបិត និងកាប់ដាច់ម្រាមដៃចង្អុលឆ្វេងអស់មួយ ស្រែកផ្អើលភូមិ ។

ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើនបានមកដល់ តែអ្វីដែលធ្វើប្រជាពលរដ្ឋហួសចិត្តនោះ ពេលលោកគ្រូពេទ្យជួយសង្គ្រោះបឋម និងសែងជនរងគ្រោះដាក់ក្នុងរថយន្តត្រៀម និងដឹកទៅមន្ទីរពេទ្យកាលម៉ែត ដោយជំងឺធ្ងន់ធ្ងរពេកលោកគ្រូពេទ្យក៏សុំអោយ សមត្ថកិច្ចធ្វើលិខិតបញ្ជាក់ ឬក៏សុំសមត្ថកិច្ចម្នាក់ ជូនទៅពេទ្យជាមួយ ស្រាប់តែសមត្ថកិច្ចនាំគ្នាជិះម៉ូតូចេញម្នាក់ម្ដងៗ ទៅបាត់អស់ពីកន្លែងកើតហេតុ ធ្វើអោយប្រជាពលរដ្ឋ ដែលឈរមើលក្នុងហេតុការណ៍នេះ ហួសចិត្តចំពោះទង្វើរបស់ពួកគាត់ ដែលមិនទទួលខុសត្រូវហេតុការណ៍ ដែលកើតឡើងក្នុងទឹកដីរបស់ខ្លួន ។ ដោយជនរងគ្រោះស្រែកឈឺខ្លាំង ហើយឈាមហូរ មិនឈប់ផងនោះ ក៏ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត ទាំងគ្មានឯកសារបញ្ជាក់ ពីសមត្ថកិច្ចមូលដ្ឋាន ៕

មតិយោបល់