កំពង់ធំៈ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីឃាតកម្ម ដោយក្មួយប្រសាកាប់ឪពុកមារបស់ខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗ ស្ថិតក្នុងភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនដៃដល់ឈ្មោះ មិត ពុធ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ (ផ្ទះជាប់របងជាមួយជនរងគ្រោះ) ។
ជនរងគ្រោះឈ្មោះ ឃន ស៊ន់ ភេទប្រុស អាយុ ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ។
មូលហេតុ៖ ទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី រឿងព្រំដី ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងជនដៃដល់ រួមជាមួយមិត្តភក្ដិ បាននាំគ្នាផឹកស្រាស ក្រោមផ្ទះជនរងគ្រោះ រហូតស្រវឹងស្រារៀងៗខ្លួន ហើយក៏បានជជែកគ្នាពីរឿងព្រំដី ពេលនោះជនដៃដល់ទប់កំហឹងមិនបាន ក៏បានទាញកែវស្រាគប់ទៅលើជនរងគ្រោះ ហើយរត់ទៅផ្ទះរបស់ខ្លួន យកពូថៅមកកាប់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីខាងឆ្វេង ១ពូថៅ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ករណីនេះ ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង សហការគ្នាឃាត់ខ្លួនជនដៃដល់បាន ក្រោមជង្រុកស្រូវ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់