ព័ត៌មានជាតិ

រថយន្ត ស្លាកលេខ ភ្នំពេញ 2AW- 7580 បុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងការខូចខាត សម្ភារ:ទាំងសងខាង និងម្ចាស់ម៉ូតូរងរបួសស្រាល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង បុរីឈូកវ៉ា២ ភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូមួយគ្រឿងស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ តាកែវ 1G-1330 បើកបរទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ នៅចំណុចផ្លូវឆ្លង ស្រាប់តែមានរថយន្ត HILUX មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AW- 7580 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែបុកម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូ ដួលសន្លប់មួយសន្ទុះទើបដឹងខ្លួនវិញ ចំណែករថយន្តរងការខូចខាត បាក់កាងផ្នែកខាងមុខ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង កន្លែងកើតហេតុនិងរាយការណ៍ ទៅផ្នែកជំនាញចុះមកសម្របសម្រួល ទើបភាគីខាងរថយន្ត ព្រមសងសំណងទៅភាគីខាងម៉ូតូចំនួន៤០ម៉ឺនរៀល ដើម្បីជួសជុលម៉ូតូ ព្យាបាលរបួស និងបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង ៕

មតិយោបល់