ភ្នំពេញៈ យុវជនសិស្សសាលាម្នាក់ សំណាងណាស់ ក្រោយពីមានជនសង្ស័យមួយក្រុមគំរាម សម្លុតយកម៉ូតូហុងដាឌ្រីម ជិះគេចទៅបាត់ហើយ ៣ថ្ងៃក្រោយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ តាមស្រាវជ្រាវ ស្វែងរកឃើញ យកប្រគល់ជូនជនរងគ្រោះវិញ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅកន្លែងផ្ញើម៉ូតូ មុខគ្លីនិកមួយកន្លែង តាមផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រីឯជនសង្ស័យគេចខ្លួនបាត់ស្រមោល ។
ជនរងគ្រោះឈ្មោះ ឡុង ធៀនម៉េង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៨ សាលាគោកបញ្ជាន់ មានទីលំនៅភូមិ ថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្នុងបន្ទុកគ្រួសារ មានម្តាយ ឈ្មោះ ឱ វន្នី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ។ម៉ូតូដែលជនសង្ស័យ យកទៅបាត់ហើយរកឃើញវិញ ម៉ាកហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-9782 ។
តាមនគរបាលបានឲ្យដឹងថា ម៉ូតូមួយគ្រឿងនេះ ត្រូវបានជនសង្ស័យមួយក្រុម គំរាម សម្លុត យកពីជនរងគ្រោះ កាលពីអធ្រាត្រចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ភ្លាមៗជនរងគ្រោះប្តឹង រាយការណ៍ ទៅប៉ុស្តិ៍នគរបាលឲ្យជួយអន្តរាគមន៍ ភ្លាមៗ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដឹកនាំដោយលោកវរសេនីយ៍ត្រី សាយ ចំរើន ជានាយប៉ុស្តិ៍ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌ ចុះទៅស្រាវជ្រាវ ស្វែងរក ដោយសហការជាមួយភាគីរងគ្រោះ ទីបំផុតប្រទះឃើញម៉ូតូ ចតនៅកន្លែងផ្ញើ មុខគ្លីនិកមួយកន្លែង តាមផ្លូវចោមចៅ ភូមិតំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ហើយក្រោយពីឃើញម៉ូតូមិនទាន់បានយកភ្លាមៗ ប្រើវិធីសាស្ត្ររង់ចាំ ឃ្លាំមើល តែមិនឃើញជនសង្ស័យ រហូតដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ស្នើសុំគោលការណ៍ យកម៉ូតូប្រគល់ជូនជនរងគ្រោះ ប្រើប្រាស់វិញ ។
តាមសម្តីយុវជនរងគ្រោះ បានឲ្យដឹងថា នៅយប់កើតហេតុ ខ្លួនបានសុំម្តាយទៅផ្ទះមិត្តភក្តិ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ក្នុងគោលបំណងជួយជូនសាច់ញាតិរបស់មិត្តភក្តិទៅពេទ្យ ក៏ប៉ុន្តែម៉ូតូអស់សាំង ជិះទៅដល់ខាងលិចផ្សារទួលពង្រ ឈប់ចូលចាក់សាំង ស្របពេលនោះ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម គ្នា៥នាក់ ជិះម៉ូតូ២គ្រឿងមកដល់ធ្វើសកម្មភាព គំរាម សម្លុតដណ្តើមយកម៉ូតូ ជិះគេចចេញទៅបាត់ រាយការណ៍ ប្តឹងនៅសមត្ថកិច្ចភ្លាមៗ ឲ្យជួយអន្តរាគមន៍ តាមស្វែងរក ទីបំផុតប្រទះឃើញម៉ូតូរបស់ខ្លួនវិញ សែនត្រេកអរ និងអគុណដល់កងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូក្រោយពីរកឃើញវិញ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ ស្នើសុំគោលការណ៍ ប្រគល់ជូនជនរងគ្រោះវិញហើយ និងបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យបន្តទៀត ៕
មតិយោបល់