ព័ត៌មានជាតិ

រុស្ស៉ី បើកការស៊ើបអង្កេត ជុំវិញវត្តមានកងកម្លាំងពិសេសអង់គ្លេស នៅអ៊ុយក្រែន

(កៀវ)៖ គណៈកម្មាធិការស៊ើបអង្កេតនៃប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថាខ្លួនកំពុងស៊ើបអង្កេត ជុំវិញសេចក្ដីរាយការណ៍ ដែលថាកងកម្លាំងពិសេសអង់គ្លេស SAS ត្រូវបានដាក់ពង្រាយទៅកាន់ភាគខាងលិចប្រទេសអ៊ុយក្រែន។

ប្រកាសខាងលើរបស់គណៈកម្មាធិការស៊ើបអង្កេតរុស្ស៉ី ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA Novosti បានរាយការណ៍ថាអ្នកជំនាញ មកពីកងកម្លាំងពិសេសអង់គ្លេស SAS ត្រូវបានបញ្ជូនទៅកាន់ទីក្រុងល្វីវ (Lviv) នៃភាគខាងលិចអ៊ុយក្រែន។ បើតាម RIA Novosti ក្រុមអ្នកជំនាញមកពី SAS ចំនួន ២០នាក់កំពុងមានវត្តមាននៅក្នុងប្រទេសអ៊ុយក្រែន។ ប៉ុន្តែខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយ អ្វីឡើយជុំវិញការស៊ើបអង្កេតរបស់រុស្ស៉ី។ កងកម្លាំងពិសេសអង់គ្លេស SAS គឺជាអង្គភាពយោធាពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ ក្នុងការដឹកនាំបណ្ដុះបណ្ដាលខាងធ្វើ ប្រតិបត្តិការពិសេស, ស៊ើបការណ៍សម្ងាត់ និងប្រឆាំងភេរវកម្មជាដើម៕

អង់គ្លេសបានបញ្ជូនគ្រូបណ្ដុះបណ្ដាលផ្នែកយោធាជាច្រើននាក់កាលពីដើមឆ្នាំ២០២២នេះ ដើម្បីជួយបណ្ដុះបណ្ដាលយោធាអ៊ុយក្រែនពីរបៀប ប្រើប្រាស់អាវុធប្រឆាំងរថក្រោះ។ ប៉ុន្តែកាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅ ពោលមុនរុស្ស៉ីលុកលុយចូលអ៊ុយក្រែន ទីក្រុងឡុងដ៍បានអះអាងថា យោធារបស់ខ្លួនត្រូវបានដកចេញទាំងអស់ពីអ៊ុយក្រែន លើកលែងតែក្រុមអ្នកដែលចាំបាច់ត្រូវការពារអគ្គរដ្ឋទូតរបស់ខ្លួនប៉ុណ្ណោះ៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់