ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីមនុស្សស្លាប់ នៅក្នុងទឹកក្រោមស្ពានផ្លូវរថភ្លើង នៅចំណុចស្ពានអូរឬស្សី ស្ថិតនៅក្នុងភូមិក្រពើរោទ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ចក់ ចិត្ត អាយុ ២៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រះពន្លាឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ហើយបានមកស្នាក់នៅជាមួយបងប្រុសបង្កើតឈ្មោះ ចក់ ចាន់ រស់នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍បានឲ្យដឹងទៀតថា បន្ទាប់ពីការពិនិត្យសាកសពរបស់ក្រុមគ្រូពេទ្យជំនាញ ជាមួយកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត បានសន្និដ្ឋានថា សពឈ្មោះចក់ ចិត្តអាចស្លាប់ដោយសារប៉ះទង្គិចត្រូវក្បាលនិងវត្ថុរឹង (រថភ្លើង) ធ្លាក់ចូលក្នុងទឹកប្រឡាយក្រោមស្ពានរថភ្លើង ហើយបានថប់ដង្ហើមស្លាប់តែម្តងដោយមិនមាននរណាបានដឹង៕
មតិយោបល់